រយៈពេល៤ ថ្ងៃកាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមការងារនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង នឹងបង្ក្រាបការក្លែងបន្លំ សាខាខេត្តបាត់ដំបង បានចុះយុទ្ធនាការ ត្រួតពិនិត្យនៅ តាមបណ្តាស្ថានីយ៍ប្រេងនានា ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការរង្វាស់ រង្វាល់បរិមាណ ប្រេង ដែលបាន លក់អោយប្រជាពលរដ្ឋ។
បើតាមលោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង នឹង បង្ក្រាបការក្លែងបន្លំ ខេត្តបាត់ដំបងបានអោយដឹងថា គោលបំណងដែលក្រុមការងារយើង ចុះ ពិនិត្យនៅតាមស្ថានីយ៍ប្រេងនេះ គឺដើម្បីពិនិត្យការរង្វាស់រង្វាល់បរិមាណប្រេង ធ្វើយ៉ាងណា អោយ មានភាពសុក្រិត មានបរិមាណត្រឹមត្រូវគ្រប់គ្រាន់ពេលលក់ជួនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោកថានៅក្នុងកិច្ចប្រតិបត្តិការរយៈពេលបីថ្ងៃនៅចុងសប្ដាហ៍នេះ កម្លាំងមន្ត្រីជំនាញរបស់ លោក បានធ្វើការចុះពិនិត្យនៅតាមស្ថានីយ៍ប្រេងនានានៅក្នុងខេត្តបាត់ដំបង បានចំនួន ២១ កន្លែង ហើយក្នុងចំណោម ២១កន្លែងនេះបានរកឃើញ ចំនួន០៥កន្លែងមានភាពមិនត្រឹមត្រូវ ដោយខ្វះបរិមាណប្រេង ហើយត្រូវបានមន្ត្រីជំនាញធ្វើការផាកពិន័យតាមច្បាប់ រួចអោយ ម្ចាស់កែតម្រូវ ឡើងវិញផងដែរ។
លោកប្រធានសាខាបានបញ្ជាក់បន្ថែមថា ចំពោះការចុះពិនិត្យនាពេលនេះដែរ នៅចំពោះមុខ ខាងមន្ត្រីជំនាញរបស់លោកពិនិត្យឃើញថាមិនសូវមានខុសប៉ុន្មានទេ ដោយសារតែខាង មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ចុះធ្វើការត្រួតពិនិត្យមុនរួចខ្លះៗហើយ ដែរហើយថ្ងៃបន្តបន្ទាប់ទៀតខាងលោកនិងចុះទៅធ្វើការពិនិត្យនៅតាមបណ្តាស្រុកផ្សេងៗទៀត ពោលគឺធ្វើឡើងជាប់ជាប្រចាំតែម្តង។