ខេត្តស្វាយរៀង៖ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីកសាងមហាចេតិយស្ថិតនៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះឯកឧត្តម សៅ សុខា ក៏បាននាំមកនូវបណ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចដែលជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជាជូនដល់ប្អូនប្រជាពលរដ្ឋនៅទីនេះជាពិសេសគឺឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីគោលនយោបាយរបស់រាជរដ្ឋភិបាលអាណត្តិទី៧នៃរដ្ឋសភាដែលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេចបានជោគជ័យតាមផែនការ ទិសដៅ និងចក្ខុវិស័យដ៏មានសារៈសំខាន់នេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៍ដឹកនាំ វ័យក្មេងដ៏ឆ្នើម និងឈ្លាសវៃ បន្តបេសកកម្មដ៏ថ្លៃថ្លាពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបាននឹងនិងពង្រីក កំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ។
សូមបញ្ជាក់ផងដែរថា គម្រោងសាង សង់មហាចេតិយនេះគឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភកសាងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំងកូនចៅ ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ឃុំ សម្រាប់តម្កល់អដ្ឋិធាតុក្រុមគ្រួសារ សាច់ញាតិ ដែលគ្មានលទ្ធភាពសាងសង់ចេតិយផ្ទាល់ខ្លួនដែលសរុបថវិកាក្នុងការសាងសង់អស់ចំនួន ១៧០.០០០ដុល្លារសហរដ្ឋអាមេរិក៕
ដោយ ចាន់ សុភក្តី( ស្វាយរៀង)