ខេត្តស្វាយរៀង:
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជួបសំណេះសំណាល និងផ្តល់អាហារសាមគ្គីជូនដល់ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណចំពោះប្រធានមណ្ឌលនិងអ្នកមេីលថែកុមារទាំងអស់ដែលបានខិត្តខំយកចិត្តទុកដាក់មិនខ្លាចនឿយហត់និងតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងបានណែនាំដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីអនាគតរបស់ក្មួយៗបើទោះក្មួយៗចៅៗជាក្មេងកំព្រាត្រូវតស៊ូជំនះរាល់ឧបសគ្គ ហេីយត្រូវខិតខំរៀនសូត្រ បង្កើនសមត្ថភាពជំនាញ ដើម្បីជាការតបស្នងសងគុណដល់ប្រប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ជួយទំនុកបំរុង និងជួយជ្រោមជ្រែង ហេីយត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភ័ក្រ្ត ឬនរណាម្នាក់អូសទាញ ត្រូវជៀសវាងអោយបានដាច់ខាត។
ចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលខេត្តបានផ្តល់ជូននូវទឹកសុទ្ធ១០កេស ទឹកក្រូច៥កេស អ្នកគ្រូមេីលថែកុមារ៦នាក់ ម្នាក់ៗថវិកា ២០០,០០០រៀល កុមារកំព្រា៤៤នាក់ ម្នាក់ៗថវិកា ៤០,០០០រៀល និងចំណាយលេីការរៀបចំអាហារ ព្រមទាំងចំណាយផ្សេងៗសរុបថវិកាចំនួន៥,០៦៥,០០០រៀល៕( ដោយ សុភក្តី ស្វាយរៀង)