(ខេត្តស្វាយរៀង):
លោក លឹម សៀងហេង អភិបាលក្រុងបាវិត
កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ដោយមានការនិមន្តចូលរួម និងចូលរួមពី ព្រះចៅអធិការវត្តចំនួន ៣វត្ត គឺវត្តពោធិ៍ថ្មី វត្តតាឡុកវត្តតាពៅ សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីក្រុង លោកចៅសង្កាត់បាវិត ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិទាំង ៥ភូមិ លោកនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត លោកគ្រូ អ្នកគ្រូ លោក លោកស្រីដែលជាសប្បុរសធម៌ និងសិក្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត។
លោក លឹម សៀងហេង បានលើកឡើងថា: សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ មិនត្រឹមតែបម្រើ និងបំពេញតម្រូវការចាំបាច់ ឆ្លើយតបទៅនឹងការចង់បានរបស់ថ្នាក់ ដឹកនាំ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួម ពីគ្រប់មជ្ឈដ្ឋានក្នុងការអភិវឌ្ឍវិស័យអប់រំរបស់យើង ព្រោះថាការអប់រំមិនគ្រាន់តែជា ការទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ ប្រជាពលរដ្ឋគ្រប់រូប សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលយើងទាំងអស់គ្នា កំពុងរួមគ្នាធ្វើ និងបានកសាងនៅទីនេះ។
លោកអភិបាលក្រុងបាវិតបាន បន្ថែមទៀតថា ដេីម្បីជាការតបស្នងចំពោះទឹកចិត្តដ៏ប្រពៃរបស់អ៊ុ ពូ មីង សប្បុរសជន សូម ក្មួយៗ សិស្សានុសិស្សដែលកំពុងសិក្សា គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីជាក្តីសង្ឃឹម របស់ប្រទេសជាតិ ជាពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗ និងសូមស្នើដល់ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារសមិទ្ធផលនេះ ឲ្យបានគង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង ។ ម្យ៉ាងទៀតសមិទ្ធផលនេះ នឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏ រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត៕ (ដោយ សុភក្តី ស្វាយរៀង)