ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តបែនដឹកខ្សាច់មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជា៤ មិនប្រយ័ត្នបានជ្រុលទៅបុ.ករថយន្តRang rover បើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តRangrover ទៅផ្ទប់នឹងប្រឡាយជាប់មាត់លូរងការខូចខាត ចំណែករថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងនឹងផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិន២នាក់ បានបើករថយន្តRangrover ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BP-8889 បើកបរតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែគេឃើញបុរសម្នាក់ទៀត បានបើករថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ចង្កូតស្តាំ PP-1562បើកបរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករថយន្តRang rover ចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹង ប៉ើងទៅផ្ទប់នឹងប្រឡាយមាត់លូ ចំណែករថយន្តដឹកខ្សាច់ក្រឡាប់ជះខ្សាច់លើពេញរថយន្តRang roverរីឯតៃកុងរថយន្តបង្កវិញ បានរត់ចេញពីកន្លែងងកើតហេតុ បាត់ស្រមោល។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕