ខេត្តស្វាយរៀង
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធខ្លោងទ្វារ បុស្បុកតម្កល់ព្រះពុទ្ធរូប តារាងបាល់បោះ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចក ស្ថិតនៅឃុំកំពង់ចក ស្រុករំដួលខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការសប្បាយរីករាយដែល បានឃើញព្រះតេជគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសប្បុរសជនមកពី គ្រប់ភាគីពាក់ព័ន្ធ បានផ្តល់នូវការជួយឧបត្ថម្ភលើវិស័យអប់រំ ដែលជាវិស័យស្នូលសម្រាប់ ការអភិវឌ្ឍប្រទេសជាតិរបស់យើង និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះចំណងដៃដ៏ថ្លៃថ្លានាថ្ងៃនេះ សម្រាប់ជាប្រយោជន៍រួមរបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅក្នុងវិទ្យាល័យហ៊ុន សែន កំពង់ចក យើង ហេីយសមិទ្ធផលទាំងនេះ ជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់គាំទ្របន្ថែមពីលើអគារសិក្សា។
ឯកឧត្តមបន្តថា សមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះ មិនត្រឹមតែបម្រើ និងបំពេញតម្រូវការចាំបាច់ ឆ្លើយតបទៅនឹងការចង់បានរបស់ថ្នាក់ ដឹកនាំ គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវ និងការគិតគូរយកចិត្តទុកដាក់ចូលរួម ពីគ្រប់មជ្ឈដ្ឋានក្នុងការអភិវឌ្ឍវិស័យអប់រំរបស់យើង ព្រោះថាការអប់រំមិនគ្រាន់តែជា ការទទួលខុសត្រូវរបស់ក្រសួង និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការរបស់ ប្រជាពលរដ្ឋគ្រប់រូប សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដូចជាអ្វីដែលយើងទាំងអស់គ្នា កំពុងរួមគ្នាធ្វើ និងបានកសាងនៅទីនេះ។
ឯកឧត្តមបន្ថែមទៀតថា ដេីម្បីជាការតបស្នងចំពោះទឹកចិត្តដ៏ប្រពៃរបស់អ៊ុ ពូ មីង សប្បុរសជន សូម ក្មួយៗ សិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យហ៊ុន សែន កំពង់ចក យើងនេះ គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីជាក្តីសង្ឃឹម របស់ប្រទេសជាតិ ជាពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗ និងសូមស្នើដល់ គណៈគ្រប់គ្រងសាលា សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សា ការពារសមិទ្ធផលនេះ ឲ្យបានគង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង ។ ម្យ៉ាងទៀតសមិទ្ធផលនេះ នឹងក្លាយជាកម្លាំងជំរុញឲ្យក្មួយៗ សិស្សានុសិស្សទាំងអស់កាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏ រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត ។
ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលខេត្តបានឧត្ថម្ភដល់សាលាចំនួន៥លានរៀល និងអំណោយរបស់សប្បុរសជនសម្រាប់លោកគ្រូអ្នកគ្រូចំនួន៨៨នាក់/ម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល,សិស្សានុសិស្សចំនួន ១,១៨២នាក់/ម្នាក់ៗទទួលបានថវិកា៥,០០០រៀល សៀវភៅ២ក្បាល និងប៊ិច២ ដេីម។
(អត្ថបទ ចាន់ សុភក្តី ស្វាយរៀង)