យោងតាមសេចក្ដីប្រកាស ការប្រកួត Miss Grand Cambodia ឆ្នាំទី២ ក្រោមការរៀបចំរបស់ផលិតកម្មមហាហង្ស ឬ ហៅថា Miss Grand Cambodia 2021 ដំណើរការប្រកួតប្រជែងហើយ។ បើទោះជារំខានដោយការរីករាលដាលនៃជម្ងឺកូវីត១៩ តែមានការរំពឹងថា កញ្ញាឯកថ្មី ដែលនឹងជំនួសតំណែង លីវ ជីលី នឹងកាន់តែធ្វើអោយព្រឹត្តិការណ៍នេះ ទទួលការចាប់អារម្មណ៍ថែមទៀត នៅពេលតំណាងកម្ពុជាឡើងទៅប្រកួតលើឆាកអន្តរជាតិ។
លោក អ៉ិន សុភិន អ្នករៀបចំកម្មវិធីនេះ បានប្រកាសថា កញ្ញាឯកដែលជម្រើសបានពីការដាក់ពាក្យចំនួន២៥រូប នឹងចាប់ផ្ដើមតម្រូវអោយមានការបោះឆ្នោតជាសធារណៈ នៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០២១ ដោយបន្តបន្ទាប់មក ក៏នឹងមានវគ្គណែនាំខ្លួនតាមរយៈវីដេអូថតដោយផ្ទាល់ វគ្គបង្ហាញរូបថត វគ្គប្រកួតឈុតហែលទឹក វគ្គប្រកួតឈុតតំណាងជាតិ កម្មវិធីប្រកួតវគ្គបឋម និង ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៤ ខែ៩ ក្នុងឆ្នាំ២០២១។ មកទល់ពេលនេះមានការបញ្ជាក់ថា ការប្រកួត Miss Grand Cambodia 2021 មានបេក្ខនារីដាក់ពាក្យតាមប្រព័ន្ធអនឡាញជាច្រើន តែមានតែ២៥រូបប៉ុណ្ណោះ នឹងត្រូវជ្រើសយក ដោយបេក្ខនារីទាំងនោះ ក៏នឹងតំណាងអោយរាជធានីខេត្តរបស់កម្ពុជាផងដែរ។
ក្នុងនោះបេក្ខនារីដែលជាន់តំបន់គ្នា គឺនឹងតម្រូវអោយចាប់ឆ្នោត ដើម្បីតំណាងខេត្តដែលគ្មានអ្នកជាប់។ ការប្រលងរដូវកាលថ្មីនេះ រំពឹងថានឹងផលិតបានស្រីស្អាត ដែលមានសមត្ថភាព និង មិនជួបបញ្ហាចម្រូងចម្រាស់នាំអោយមានការផ្ទេរមកុដដូវក្នុងជំនាន់ឆ្នាំ២០២០នោះទេ។ យ៉ាងណាមិញ ភាពលេចធ្លោរបស់ លីវ ជីលី លើឆាកអន្តរជាតិ គឺនៅតែធ្វើអោយមហាជនកោតសរសើរ ខណៈដែលការប្រកួតវគ្គថ្មីនេះ ក៏មានលក្ខណៈម៉ត់ចត់ជាងមុន ហើយបេក្ខនារីដែលចូលប្រលងក៏ស្គាល់ការប្រកួតនេះច្រើនជាងមុន ដែលពិតជាមិនមានបញ្ហាក្រោយការប្រកួតដូចមុន។