បាត់ដំបង ៖ បុរសម្នាក់មកពីផឹកស្រាស្រវឹងបានប្រមូលទ្រព្យសម្បត្តិដុតបំផ្លាញចោល បន្ទាប់មកបាន ទាញកាំបិតអាកចង់ផ្តាច់ជីវិតខ្លួនឯងប៉ុន្តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់ឈាមហូរស្រោចជោគពេញខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ សីហា ឆ្នា២០២១ ស្ថិតនៅភូមិកម្មករ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមស្ត្រីម្នាក់ដែលត្រូវជាសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា បុរសនោះឈ្មោះ គិត វង្ស អាយុ៣៧ឆ្នាំ មិនមានប្រពន្ធកូននោះទេ ស្នាក់នៅនឹងផ្ទះកន្លែងកើតហេតុដែលជាផ្ទះរបស់បងប្អូន ។ បុរស រូបនេះជាមនុស្សស្រវឹងខួបរាល់ថ្ងៃ រហូតក្លាយជាមនុស្សវង្វេងវង្វាន់លែងដឹងខុសត្រូវទៅហើយ ។ លុះព្រឹកថ្ងៃកើតហេតុបុរសនេះបានជិះម៉ូតូមកដល់ផ្ទះស្ថិតក្នុងស្ថានភាពស្រវឹងជោគហើយបានរករឿងរអ៊ូរ ទាំម្នាក់ឯងនៅខាងក្រោយផ្ទះ ។ បន្ទាប់មកស្រាប់តែប្រមូលខោអាវ និងសៀវភៅគរដុតចោលក្រោមផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង បើទោះជាបងប្អូនទៅសួរនាំ ឬ ឃាត់ក៏មិនស្ដាប់ដែរ ។ មិនតែប៉ុណ្ណោះ បន្តិចក្រោយមក បានទាញកាំបិតទៅអារកខ្លួនឯង ហើយដើរស្រក់ឈាមពេញផ្ទះ និងបង្កឲ្យមានការភ្ញាក់ផ្អើលភ័យស្លន់ស្លោ ។
ភ្លាមៗនោះសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញកាំបិតចំនួន០៣ប៉ុន្តែមាន០២ប្រឡាក់ឈាម ដែលជននេះយកទៅអារកខ្លួនឯង ដាច់សាច់យ៉ាងជ្រៅប៉ុន្តែមិនដាច់ដល់បំពង់ខ្យល់ ។ ក្រោយមកសមត្ថកិច្ចបានដឹកបុរសរងគ្រោះខាងលើនេះទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះតែម្តង ៕