ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ខិតជិតចូលមកដល់នៅពេលខាងមុខ ឆាប់ៗនេះ ដែលតាមជំនឿ និងទំនាមទម្លាប់របស់ខ្មែរ គ្រប់ឆ្នាំនីមួយៗរៀងរាល់ឆ្នាំ ទេពធីតាទាំង៧អង្គដែលជាបុត្រីកបិលមហាព្រហ្ម ទ្រង់តែងផ្លាស់ប្តូរវេណសម្រាប់ ចុះមកថែរក្សា គ្រប់គ្រងជម្ពូទ្វីបទាំងមូលឲ្យទទួលបានក្តីសុខ ។
បើទោះបីយ៉ាងណាក្តី ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅមិនទាន់យល់ច្បាស់អំពីការ ផ្លាស់ប្តូរវេណ និងព្រះនាមរបស់ទេពធីតាទាំង៧អង្គនោះទេ រួមទាំងពាហនៈដែល ជាយានជំនិះរបសពេទធីតាឆ្នាំថ្មី តាមឆ្នាំនីមួយៗ ដោយអ្នកខ្លះយល់ថា ឆ្នាំជូត ទេវតាមានយានជំនិះជាកណ្តុរ ឆ្នាំឆ្លូវ ទេវតាមានយានជំនិះជាសត្វគោ និងឆ្នាំខាលមានយានជំនិះជាសត្វខ្លាជាដើម ។
ដើម្បីចៀសវាងការភាន់ច្រឡំទាំងអស់នេះ ខាងក្រោមនេះជាសង្ក្រានតាមថ្ងៃ និងព្រះនាមពេទ ធីតា រួមទាំងយានជំនិះរបស់ទេវតាឆ្នាំថ្មីដែលយាងចុះមក គ្រប់គ្រង់ជម្ពូទ្វីប ៖
ថ្ងៃអាទិត្យ ទេវតាព្រះនាម ព្រះនាង ទុង្សាទេវី មានយានជំនិះជាសត្វសុបណ្ណរាជ (ស្តេចគ្រុឌ)
ថ្ងៃច័ន្ទ ទេវតាព្រះនាម ព្រះនាង គោរាគទេវី ដែលមានយានជំនិះជាព្យគ្ឃៈ (ខ្លាធំ) ។
ថ្ងៃអង្គារ ទេវតាព្រះនាម ព្រះនាង រាក្យសាទេវី ដែលមានយានជំនិះជាអស្សតរ (សេះ) ឬ សុករៈ (ជ្រូក) ។
ថ្ងៃពុធ ទេវតាព្រះនាម ព្រះនាង មណ្ឌាទេវី ដែលមានយានជំនិះជា គទ្រភៈ (លា) ។
ថ្ងៃព្រហស្បត្តិ៍ ទេវតាព្រះនាម ព្រះនាង ករិណីទេវី ដែលមានយានជំនិះជា គជសារ (ដំរី) ។
ថ្ងៃសុក្រ ទេវតាព្រះនាម ព្រះនាង កិមិរាទេវី ដែលមានយានជំនិះជា មហិសារាជ (ស្តេចក្របី) ។
ថ្ងៃសៅរ៍ ទេវតាព្រះនាម ព្រះនាង មហោទរាទេវី ដែលមានយានជំនិះជា មយូរ (ក្ងោក) ។
សូមជម្រាបថា សង្ក្រានឆ្នាំថ្មីឆ្នាំនេះ នឹងចូលមកដល់នៅថ្ងៃពុធ ៣កើត ខែពិសាខ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២១ នៅវេលាម៉ោង ៤ ទៀបភ្លឺ ដែលត្រូវនឹងវេនព្រះនាង ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ របស់កបិលមហា ព្រហ្ម ទ្រង់គង់នៅឋានចាតុម្មហារាជកា ទ្រង់អម្ពរពណ៌អន (ខៀវខ្ចី) សម្អនូវព្រះ ការណ៍ដោយសៀតផ្កាចម្បា អាភរណៈទ្រង់ពាក់កែវពិទូរ្យ ភក្សាហារទ្រង់ សោយសប្បិ (ទឹកដោះ) ទ្រង់អាវុធ ព្រះហស្តស្តាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងភទ្រភៈ (សត្វលា) ជាពាហនៈ ៕