ខេត្តតាកែវ ៖ ជនជាតិចិន៥នាក់ និងអ្នករត់ម៉ូតូឌុបចំនួន២នាក់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ បានធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ដែលលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកស្រុកបូរីជលសា ក្នុងខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តតាកែវ បានឲ្យដឹងថា ប្រតិបត្តិការចាប់ជនជាតិចិនលួចឆ្លងដែននេះ គឺសហការជាមួយកម្លាំងអធិការនគរបាលស្រុកបូរីជលសារ ហើយក្រោយពីបានធ្វើការឃាត់ខ្លួន ពួកគេត្រូវបានប្រគល់ជូនកម្លាំងនគរបាលដើម្បីធ្វើការសួរនាំបន្ត និងនាំយកទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បានបន្ថែមថា ក្រោយសមត្ថកិច្ចជំនាញបានធ្វើការសាកសួរអ្នករត់ម៉ូតូឌុប ដឹកជនជាតិចិនទាំង៥នាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញា អ្នកនាំជនជាតិចិនឆ្លងដែនរួចរាល់អស់ហើយ ហើយមុខសញ្ញាទាំងអស់នោះកំពុងតែរត់គេចខ្លួន៕