សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចាត់វិធានការក្តៅប្រឆាំនឹងយោធាមីយ៉ាន់ម៉ា តាមរយៈផ្អាកការចែករំលែកបទពិសោធន៍ទាក់ទងវិស័យការពារជាតិ ជាមួយមីយ៉ាន់ម៉ា ហើយក៏ហាមឃាត់ការនាំចេញអាវុធទៅកាន់មីយ៉ាន់ម៉ា ។ នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាមានការទទូចទាមទារជាដដែលៗក៏ដោយ ពីសំណាក់សហគមន៍អន្តរជាតិ ដោយក្នុងនោះរួមមានកូរ៉េខាងត្បូងផងដែរ ជនរងគ្រោះហាក់មានចំនួនកាន់តែច្រើនឡើងៗនៅមីយ៉ាន់ម៉ា ដោយសារតែការបង្រ្កាបយ៉ាងហិង្សារបស់ប៉ូលិសនិងយោធានៅទីនោះ ។
ប្រភពខាងលើនេះបញ្ជាក់ថា កូរ៉េខាងត្បូងនឹងរឹតត្បិតការនាំចេញសម្ភារៈយុទ្ធសាស្រ្តដទៃៗទៀត ហើយពិចារណាឡើងវិញចំពោះជំនួយអភិវឌ្ឍផ្សេងៗ ព្រមទាំងផ្តល់ការអនុគ្រោះផ្នែកមនុស្សធម៌ ដើម្បីឲ្យជនជាតិមីយ៉ាន់ម៉ាអាចស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង រហូតទាល់តែស្ថានការណ៍នៅក្នុងប្រទេសពួកគេ ប្រសើរឡើង ដើម្បីជាការឆ្លើយតបចំពោះរដ្ឋប្រហារយោធា និងការបង្រ្កាបដោយហិង្សាលើក្រុមបាតុករ។ ៕