បន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ៥លានរៀល រួមនិងថវិការរបស់សាខាកាកក្របាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជន កងការពារព្រំដែនលេខ ៥០៣ ដែលបានបាត់បង់ជីវិត កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងជន្មាយុ ៣៣ឆ្នាំ។
ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាន សព ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមវេជ្ជ អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សូមចូលរួមរំលែកទុក្ខនៅមរណភាព របស់លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ជាការបាត់បង់ បុត្រជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តកតញ្ញូ ចំពោះក្រុមគ្រួសារ ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាមានសមត្ថភាពដ៏សកម្មមួយរូប ដែលបានបំពេញភារកិច្ចការពារព្រំដែនពោរពេញដោយស្នាដៃ និងគុណបំណាច់ ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ក្នុងមរណភាពដ៏ក្តុកក្តួលនេះ ឯកឧត្តមវេជ្ជ អ៊ុយ សំអាត សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណកន្ធ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានចប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕