រដ្ឋធានីហាណូយ៖ សារព័ត៌មានវៀតណាម Vnexpress បានផ្សាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ថា ខ្យល់ព្យុះនូល (Noul) បានវាយប្រហារមកលើតំបន់ជាច្រើន នៃប្រទេសវៀតណាម។ គ្រោះធម្មជាតិនេះបានបណ្ដាលឲ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់ និង១២២នាក់ផ្សេងទៀតរងរបួស។
សារព័ត៌មានដដែល បានបន្ដថា ក្រៅពីបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសនោះ គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅតាមតំបន់ភាគកណ្ដាល នៃប្រទេសវៀតណាម ផងដែរ។ រីឯខេត្តធួធៀនវ៉េ បានទទួលរងគ្រោះខ្លាំងជាងគេ។ នៅក្នុងខេត្តនេះមានមនុស្សយ៉ាងតិចណាស់ចំនួន៤នាក់បានស្លាប់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានគ្រូបង្រៀនម្នាក់ផងដែរ បានស្លាប់ដោយសារដើមឈើរលំសង្កត់ពីលើ ខណៈគាត់កំពុងធ្វើដំណើរវិលត្រឡប់ទៅផ្ទះវិញ។ ព្យុះនេះបានបក់បោកមកលើឆ្នេរសមុទ្រ ភាគកណ្តាល មុនពេលនឹងវាចុះខ្សោយទៅជាវិសម្ពាធតំបន់ត្រូពិក។
ប្រភពព័ត៌មានដដែល បានបន្ដថា ខ្យល់ព្យុះនេះបានថមថយកម្លាំង កាលពីព្រឹក ថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីវាបក់បោកមកលើខេត្តខេត្តធួធៀនវ៉េ និងខេត្តក្វាងទ្រី ក្នុងល្បឿនខ្យល់៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ព្យុះនេះក៏បាននាំមកនូវភ្លៀងខ្លាំង និងបង្កឲ្យដាច់ចរន្តអគ្គិសនី នៅតាមច្រើនតំបន់ផងដែរ៕