ខេត្តមណ្ឌលគិរី៖ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់! ដំរីឈ្មោលមួយក្បាល រស់នៅខេត្ដភូមិភាគឦសាន នៃប្រទេសកម្ពុជា បានងាប់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
លោក ឃុន ឌីយ៉ូន ប្រធានសមាគមអភិរក្សដំរីកម្ពុជា នៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដំរីឈ្មោលមួយក្បាលនេះ មានអាយុប្រហែលជាង៥០ឆ្នាំ តែគួរឲ្យសោកស្ដាយ វាបានងាប់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។ រីឯការងាប់របស់ដំរី ក៏ដោយសារតែអាយុចាស់ជរាផង និងមានដំបៅជាច្រើនកន្លែង ហើយមើលមិនជាសោះ។
លោកប្រធានសមាគមអភិរក្សដំរីកម្ពុជា បានបន្ដថា នេះជាដំរីស្រុករបស់សហគមន៍ពូតាង ក្រុងសែនមនោរម្យ។ ដំរីឈ្មោលមួយក្បាលនេះ មានអាយុចាស់ជរាណាស់ហើយ ដោយជីវិតរបស់វាបានឆ្លងកាត់ការលំបាកជាច្រើន ដូចជា វាធ្លាប់ម្ចាស់ប្រើអូសឈើហ៊ុប មនុស្សម្នាជិះវាដើរកម្សាន្ត នៅតាមតំបន់ព្រៃភ្នំជាដើម។ ប៉ុន្ដែដំរីនេះទើបនឹងឈប់សម្រាក លែងធ្វើជាយានជំនិះ កាលពីអំឡុង៥ឆ្នាំមុននេះតែប៉ុណ្ណោះ។
ប្រធានសមាគមអភិរក្សដំរីកម្ពុជា បានបន្ថែមថា ក្រោយពេលដំរីនេះងាប់មក ទាំងសហគមន៍ និងអ្នកភូមិជនជាតិដើមភាគតិច បាននាំគ្នាធ្វើបុណ្យ និងកប់វា តាមប្រពៃណីជនជាតិដើមភាគតិច។ បើគិតនៅក្នុងឆ្នាំ២០២០នេះ មានដំរីឈ្មោលចំនួន២ក្បាល បានងាប់ នៅក្នុងខេត្តមណ្ឌលគិរី និងងាប់១ក្បាល នៅខេត្តរតនគិរី៕