រាជធានីបាងកក៖ ស្រ្ដីជាឃាតកដ៏សាហាវម្នាក់ បានលបបាញ់សម្លាប់ស្រ្ដីជាអ្នកមានម្នាក់ កំពុងធ្វើបុណ្យទាន នៅក្នុងព្រះវិហារ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម កាលពីព្រឹក ថ្ងៃទី២១ ខែកញ្ញា នៅក្នុងព្រះវិហារមួយកន្លែង ស្ថិតក្នុងខណ្ឌ Bang Khae ទីក្រុងបាងកក។
បើតាមអ្នកបម្រើរបស់ជនរងគ្រោះ ឈ្មោះ Maneerat Srithornrat អាយុ៥២ឆ្នាំ បានប្រាប់ប៉ូលិសថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគាត់មកធ្វើបុណ្យកុសល នៅក្នុងព្រះវិហារ Bang Khae ស្ថិតក្នុងទីក្រុងបាងកក។ លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃដដែល ពួកគាត់រៀបចំធ្វើដំណើរទៅផ្ទះវិញ ស្រាប់តែលេចមុខស្រ្ដីម្នាក់មិនស្គាល់អត្ដសញ្ញាណ ដើរមកពីក្រោយ ប្រកៀកប្រកិតនឹងជនរងគ្រោះ ហើយបាញ់ប្រហារចំនួន៤គ្រាប់ រួចហើយគេចខ្លួនបាត់។ រីឯខ្មាន់កាំភ្លើងនោះ មានអាយុប្រហែល ចន្លោះពី៣៥-៤០ឆ្នាំ តែគាត់មិនបានគាត់មុខជនដៃដល់ទេ គ្រាន់តែដឹងថា ឃាតកពាក់មួកកាតឹប និងបិទមុខជិត។
មន្រ្ដីប៉ូលិសថៃ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ Linlada Phattanphan អាយុ៣៩ឆ្នាំ។ ជនរងគ្រោះ ត្រូវបានឃាតកមិនស្គាល់អត្ដសញ្ញាណ លបបាញ់ប្រហារពីក្រោយខ្នង បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម។ នៅលើសាកសពរបស់ជនរងគ្រោះ មានស្នាមគ្រាប់ចំនួន៤កន្លែង។
ប្រភពព័ត៌មានផ្សេងទៀត បានដាក់ការសន្និដ្ឋានថា ករណីនេះបើមិនជាប់ពាក់ព័ន្ធនឹងស្នេហាត្រីកោណ ក៏កើតចេញពីគំនុំគុំកួន នៅក្នុងរឿងរកស៊ីដែរ។ ប៉ុន្ដែទោះជាយ៉ាងណា ប៉ូលិសនៅមិនទាន់បានសន្និដ្ឋានថា ករណីឃាតកម្មដ៏សាហាវនេះ មានការជាប់ពាក់ព័ន្ធនឹងអ្វីនៅឡើយដែរ។ ករណីនេះ ប៉ូលិសកំពុងតែស៊ើបអង្កេត ដោយផ្អែកលើកាមេរ៉ាសុវត្ថិភាពសុវត្ថិភាព ដែលថតបាន៕