ខេត្តកណ្ដាល ៖ រដ្ឋបាលខេត្តកណ្តាលនៅ ព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ដែលបានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប។
កិច្ចប្រជុំផ្ដោតសំខាន់លើ របៀបវារៈដែលបានគ្រោងទុក និងបានពិនិត្យពិភាក្សាពីវឌ្ឍនភាពនៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងខែមិថុនាកន្លងទៅ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំ និងយកចិត្តទុកដាក់ខ្ពស់ លើការងារផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវ ដោះស្រាយឲ្យបាននូវរាល់បញ្ហាប្រឈមនានា រួមមានការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ការងារអភិវឌ្ឍន៍មូលដ្ឋាន ការងារដោះស្រាយឆ្លើយតបបញ្ហាកង្វល់ បញ្ហាខ្វះខាតនិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
ទន្ទឹមនឹងនោះ ដោយពេលនេះជារដូវវស្សា ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ទីរកសិកម្ម មន្ត្រីជំនាញ និងអាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តពិនិត្យលើការងារកសិកម្ម របស់ប្រជាពលរដ្ឋដូចជា ដំណាំស្រូវ បន្លែ និងការចិញ្ចឹមសត្វ ដោយត្រូវចុះពន្យល់ណែនាំអំពីបច្ចេកទេសល្អៗ ដើម្បីជួយបង្កើនទិន្នផលរបស់ប្រជាកសិករ ហើយត្រូវដោះស្រាយឲ្យបាននូវរាល់ចំនុចខ្វះខាត និងតំរូវការជាក់ស្តែងនានារបស់ពួកគាត់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាលចំនួន ៧រូប និងបានប្រគល់ម៉ូតូ Honda wave សេរីឆ្នាំ២០១៨ តាមការសន្យា ដល់កងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស ចំនួន៨គ្រឿង និងទីបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តចំនួន ២គ្រឿងផងដែរ សម្រប់យកទៅបំភារកិច្ចក្នុងការងារក្នុងអង្គភាពខ្លួន។