បច្ចុប្បន្ននេះមានតារាជំនាន់ថ្មីរះព្រោងព្រាតពិតមែន ប៉ុន្តែអតីតតារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ពេជ្រ ភារុណ កាលពីជំនាន់ឆ្នាំ ៨០-៩០ នៅតែដក់ជាប់ក្នុងការចងចាំរបស់មហាជនអ្នកគាំទ្រជានិច្ច ព្រោះទេពកោសល្យសម្តែងដ៏ស័ក្តិសម និង ប៉ិនប្រសប់របស់លោក ។ចប្ចុប្បន្ននេះ លោក ពេជ្រ ភារុណ បានលាឈប់ដាច់ពីអាជីពសម្តែងហើយ ប៉ុន្តែយ៉ាងណាមហាជននៅតែចាំមិនភ្លេចទេពីឈ្មោះអតីតតួឯកប្រុសរូបនេះ ព្រោះតែការសម្តែងដែលបានឆក់យកបេះដូងអ្នកគាំទ្រឱ្យជក់ចិត្តមិនអាចបំភ្លេចបានតាមរយៈភាពយន្តជាច្រើន ជាមួយនឹងរូបរាងដ៏ស្រស់សង្ហា និង មុខមាត់មន្តស្នេហ៍នោះ ។
ទោះបីជាពេលវេលាកន្លងផុតទៅច្រើនឆ្នាំ និង បច្ចុប្បន្ននេះមានវ័យ ៦៧ ឆ្នាំក្តី អតីតតារាសម្ដែង ពេជ្រ ភារុណ នៅតែមានភាពស្រស់សង្ហាមិនចាញ់កាលពីកំលោះប៉ុន្មានឡើយ ដែលនេះជាចំណុចដ៏ទាក់ទាញមួយរបស់លោក ។ ឃ្លាតឆ្ងាយពីអាជីពសម្តែងនៅមុខកាមេរ៉ាហាលក្តៅហាលភ្លៀងអស់ ២០ ឆ្នាំមកនេះ អតីតតារាសម្តែង ពេជ្រ ភារុណ ក៏មិនបានចាកចេញទៅណាចោលមាតុភូមិដែរ ដោយលោកបានសំងំរស់នៅយ៉ាងសុខសាន្តក្នុងប្រទេស ជាមួយនឹងអាជីពច្នៃម៉ូដសម្លៀកបំពាក់ និង កាត់ដេរខោអាវ នៅក្បែរផ្សារចាស់ ដែលជាផ្ទះរបស់លោកផ្ទាល់ ។
គួរឱ្យដឹងដែរថា អតីតតារាសម្តែងរូបរាងស្រស់សង្ហា និង មុខមានមន្តស្នេហ៍ ពេជ្រ ភារុណ គឺជាអតីតស្វាមីតារាសម្ដែងដ៏ល្បី អ្នកនាង អម្ពរ ទេវី ហើយបើទោះបីជាបញ្ចប់និស្ស័យជាប្តីប្រពន្ធពិតមែន ប៉ុន្តែអតីតប្តីប្រពន្ធអ្នកសិល្បៈគូនេះនៅតែស្រឡាញ់រាប់អានគ្នាដដែល ជាក់ស្តែងកាលពីអ្នកនាង អម្ពរ ទេវី បង្ហាញខ្លួនថតភាពយន្តនៅស្រុកខ្មែរកាលពីអំឡុងឆ្នាំ ២០១៦ នោះ រាល់ឈុតសម្លៀកបំពាក់សម្តែងក្នុងរឿង សុទ្ធតែលោក ពេជ្រ ភារុណ ច្នៃឱ្យដោយផ្ទាល់ដៃ ។ពេលនេះដែរ អតីតតារាសម្តែងរូបរាងស្រស់សង្ហា និង មុខមានមន្តស្នេហ៍ ពេជ្រ ភារុណ ក៏មិនបានខ្វល់ខ្វាយរឿងមានស្នេហ៍អ្វីទៀតដែរ ដោយកំពុងសំងំសាងជីវិតរស់នៅយ៉ាងសាមញ្ញ ជាមួយមុខរបរកាត់សម្លៀកបំពាក់របស់ខ្លួននោះ ៕