កំពង់ចាម៖ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយមន្ត្រីជំនាញពីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅខេត្តកំពង់ចាមកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចុះទៅមើលទីតាំងកន្លែងកើតហេតុជាថ្មីម្តងទៀត និងធ្វើកោសល្យវិច័យទៅលើវត្ថុតាងមួយចំនួនដែលបានដកហូតមករក្សាទុក ក្នុងការស៊ើបអង្កេតទៅលើឃាតកម្មរបស់កុមារីអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ក្រុមការងារចម្រុះ JULIET21 ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មនេះ។ សមាជិកនៃក្រុមការងារចម្រុះ រួមជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងព្រះរាជអាជ្ញាបានធ្វើការពិសោធន៍ជាច្រើន និងបានចុះទៅពិនិត្យកន្លែងកើតហេតុជាថ្មីម្តងទៀត និង បានសម្ភាសន៍អ្នកភូមិបន្ថែម និងស្វែងរកសាក្សីបន្ថែម ផងដែរ។ ការស៊ើបអង្កេតនេះកំពុងតែបន្ត ហើយក្រុមការងារចម្រុះមានការប្តេជ្ញាក្នុងការបំបែកសំណុំរឿងនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ៤រសៀល ម្តាយក្មេងស្រីអាយុ១៤ បានប្រើកូនស្រីឱ្យទៅយកសត្វគោដែលចងចោលនៅក្រោយវិហារក្នុងភូមិ ប៉ុន្តែបានបាត់កូនស្រីមិនឃើញមកផ្ទះវិញ ហើយក៏បានតាមរករហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយនៅម៉ោង១០ព្រឹក ទើបប្រទះឃើញសាកសពតែម្ដង ដែលសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីរំលោភសម្លាប់។ លោក សុះ អូស្មាន អាយុ៤៩ឆ្នាំ ជាឪពុកក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ករណីនេះមានរយៈពេលជាង២ខែមកហើយ សមត្ថកិច្ចនៅមិនទាន់រកឃាតករឃើញនៅឡើយទេ ហើយក្រុមគ្រួសារកំពុងរង់ចាំយុត្តិធម៌ យ៉ាងអន្ទះសារផងដែរ។កូនស្រីរបស់លោកដែលបានស្លាប់ ជាសិស្សរៀនថ្នាក់ទី៤ មានអាយុ១៤ឆ្នាំ រស់នៅក្នុងភូមិទី១៣ក្រោម ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ករណីឃាតកម្មរំលោភសម្លាប់កូនស្រីរបស់គាត់នោះ នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខេត្តបានដឹករូបលោកជាឪពុក និងសាច់ញាតិមួយចំនួនទៀតយកទៅសាកសួររួចហើយដែរ៕