ប្រទេសហៃទី ៖ មនុស្សយ៉ាងតិច៦០នាក់បានត្រូវស្លា.ប់ដោយសារការផ្ទុះរថយន្តស៊ីទែនមួយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅហៃទី ដែលនោះជាសោកនាដកម្មមួយ ដែលបណ្ដាលឲ្យអ្នករបួសច្រើននាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។សោកនាដកម្មនេះ កើតមាននៅទីក្រុងកាប-ហៃទី ជាទីក្រុងធំទី២ របស់ប្រទេសនៅតំបន់ការ៉ាអ៊ីបនោះ ដែលកំពុងជួបប្រទះវិបត្តិសន្តិសុខ និងសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ព្រមទាំងគ្រោះមហន្តរាយធម្មជាតិនានាផងដែរ។យោងតាមលោក PATRICK ALMONOR អភិបាលរងក្រុងកាប-ហៃទីថា អ្នកបើករថយន្តស៊ីទែននោះ ប៉ុនប៉ងបើកគេចកុំឲ្យបុកម៉ូតូឌុប១គ្រឿង នាំឲ្យបាត់់បង់ម្ចាស់ការ ហើយរថយន្តគេក៏ក្រឡាប់តែម្តង។ បន្ទាប់មក ប្រជាជនបានលើកគ្នាមកកាន់រថយន្តនោះ ទោះបីជាមានការឃាត់របស់អ្នកបើកក៏មិនព្រមស្ដាប់ដែរ ដើម្បីទៅត្រងយកប្រេងដែលហៃទី កំពុងជួបការខ្វះខាតខ្លាំងបំផុត មុនពេលមានការផ្ទុះឆេះយ៉ាងខ្លាំង បណ្ដាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត។អភិបាលរងទីក្រុងនេះ បន្តថា នៅនឹងកន្លែងគេរាប់ឃើញអ្នកស្លា.ប់យ៉ាងតិច៥០នាក់ ហើយគេមិនទាន់អាចកំណត់អត្តសញ្ញាណជនរងគ្រោះទាំងនោះបាននៅឡើយទេ ព្រោះថាសាកស.ពរបស់ពួកគេត្រូវបានភ្លើងឆេះរោលខ្លោចមើលលែងស្គាល់ទៅហើយ។ ចំណែកតុល្យការថ្មីចេញផ្សាយ បន្ទាប់ពីនេះដោយអាជ្ញាធរ បានរៀបរាប់ពីចំនួនមនុស្សស្លា.ប់យ៉ាងតិច៦០នាក់។
នាយករដ្ឋមន្ត្រីហៃទី លោក ARIEL HENRY ដែលមុននេះបានរៀបរាប់ពីតុល្យការមួយផ្នែកថា មានមនុស្សស្លា.ប់ជាង៤០នាក់ និងអ្នករបួសជាច្រើនសិបនាក់ ហើយក៏បានប្រកាសតាម TWITTER ពីការកាន់មរណទុក្ខជាតិចំនួន៣ថ្ងៃ។ចំណែកផ្ទះសម្បែងប្រមាណជា២០ខ្នង ស្ថិតនៅជុំវិញកន្លែងផ្ទុះនោះ ក៏រងការឆាបឆេះដែរ ក្រោយការផ្ទុះ ដែលជាហេតុនាំឲ្យមានការបារម្ភចំពោះតុល្យការធ្ងន់ធ្ងរថែមទៀត។ បើតាមអភិបាលក្រុងកាប-ហៃទី ក៏បានបញ្ជាក់ថា គេនៅមិនទាន់ផ្ដល់ភាពលម្អិតបាននៅឡើយ លើចំនួនអ្នកស្លា.ប់នៅក្នុងផ្ទះទាំងឡាយដែលរងការឆាបឆេះនេះ ហើយបណ្ដាមន្ទីរពេទ្យក៏មានអ្នករងរបួសបញ្ជូនទៅសង្គ្រោះយ៉ាងពេញណែនផងដែរ ដែលអ្នករបួសភាគទាំងនោះភាគច្រើនរងការរលាកធ្ងន់ធ្ងរ។គួរបញ្ជាក់ថា ប្រទេសហៃទី គឺជាប្រទេសក្រីក្របំផុតមួយនៅតំបន់ការ៉ាអ៊ីប ដែលកំពុងជួបប្រទះនឹងការខ្វះខាតប្រេងឥន្ធនៈខ្លាំងបំផុត ព្រោះការផ្គត់ផ្គង់មួយផ្នែកស្ថិតក្នុងកណ្ដាប់ដៃបណ្ដាក្រុមជនខិលខូច។ ហើយរយៈពេលប៉ុន្មានខែចុងក្រោយនេះ បណ្ដាក្រុមជនប្រដាប់អាវុធក៏មានការកើនឡើងកាន់តែច្រើននៅទីក្រុងព័រអូប្រាំង ដោយការត្រួតត្រាបណ្ដាផ្លូវថ្នល់ភ្ជាប់ទីតាំងប្រេងកាតធំទាំង៣ របស់ប្រទេស៕