ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ឃាត់ជនសង្ស័យចំនួន២នាក់ ទីតាំងផ្សេងគ្នា បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកជិតខាង ជនរងគ្រោះប្តឹង ស្រាវជ្រាវតាមឃាត់បាន កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅបន្ទប់ជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ បានម្នាក់នាក់ និងបន្តទៅតាមចាប់ដល់ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានបក្ខពួកម្នាក់ទៀត ។ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ លី ចាន់សុខថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះ ភួង សារ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ធ្វើការរោងចក្រនៅភូមិព្រៃទា១ ។ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកហុងដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-3797 ដែលមានម្ចាស់ឈ្មោះ កយ ចន្ថន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានទុកម៉ូតូនៅខាងមុខបន្ទប់ ដោយភ្ជាប់សោនៅជាមួយផង រួចម្ចាស់ចូលក្នុងបន្ទប់ ភ្លាមៗជនសង្ស័យឃើញឱកាសល្អ ក៏បានយកមេសោទៅខ្ទាស់គន្លឹះទ្វារពីខាងក្រៅជាប់រួចទាញម៉ូតូជិះចេញតែម្តង ទោះបីជាជនរងគ្រោះ ខំបើកទ្វារយ៉ាងណាក៏មិនរួចដែរ ដោយជាប់នៅខាងក្រៅទៅហើយ ។បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ច ទៅតាមរកភ្លាមដែរ តែជនសង្ស័យទៅធ្វើការបាត់ ទើបតែនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ ដោយជនសង្ស័យកំពុងនៅក្នុងបន្ទប់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ចុះទៅឃាត់ខ្លួនបានម្នាក់ និងបន្តទៅតាមចាប់បក្ខពួកបានម្នាក់ទៀត នៅទីតាំងផ្សេងគ្នា ។យោងតាមបណ្តឹងរបស់ជនរងគ្រោះ និងសាក្សីឃើញហេតុការណ៍ ស្គាល់ច្បាស់ភិនភាគជនសង្ស័យ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីសាកសួរ កសាងសំណុំរឿង បញ្ជួនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្ត ៕