ខេត្តកំពត ៖ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានឃាត់ខ្លួនម្ចាស់ភោជនីយដ្ឋាន វាសនា សប្បាយ សប្បាយ ដែលមានឈ្មោះ ជា សុខហួរ ភេទប្រុស អាយុ ៤១ឆ្នាំ បានបើកអោយដំណើរការ ខារ៉ាអូខេ ជួបជុំផឹកស៊ី និងច្រៀង (០១បន្ទប់ ) ដោយរួមមានមនុស្សចំនួន ០៧នាក់ ស្រី ០៤នាក់ ជាការល្មើសបម្រាមរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មានទីតាំងនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
មនុស្សប្រុស-ស្រីទាំង០៧នាក់ខាងលើ ៖ ១-ឈ្មោះ ជា សុខហួរ ហៅទី ភេទប្រុស អាយុ៤១ឆ្នាំ មានទីស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត (ម្ចាស់អាជីកម្ម)។ ២-ឈ្មោះ ហ៊ីង លាវ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត (ភ្ញៀវ)។ ៣-ឈ្មោះ អ៊ុយ ថង់ ភេទប្រុស អាយុ ៥៦ឆ្នាំ ស្នាក់នៅភូមិ កំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹឈូ ខេត្តកំពត (ភ្ញៀវ)។ ៤-ឈ្មោះ នី សម្ភស្ស ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (នារីបំរើខារ៉ាអូខេ)។ ៥-ឈ្មោះ រឿន សុភ័ណ្ឌ ហៅ ស្រីលីង ភេទស្រី អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (នារីបំរើខារ៉ាអូខេ)។ ៦-ឈ្មោះ ឃាន លក្ខិណា ភេទ ស្រី អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត (នារីបំរើខារ៉ាអូខេ)។ ៧-ឈ្មោះ គ្រី ចាន់ទី ភេទស្រី អាយុ ២០ឆ្នាំ ស្នាក់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពតខេត្តកំពត (នារីបំរើខារ៉ាអូខេ)។
ចំពោះមនុស្សប្រុស-ស្រីទាំង ០៧នាក់ខាងលើ សមត្ថកិច្ចបានធ្វើតេស្តរហ័ស ជាលទ្ធផលគឺអវិជ្ជមានកូវីដ-១៩ទាំងអស់ ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕