ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនខ្លួនជនសង្ស័យ ម្នាក់ ករណីជួញដូរគ្រឿងញៀនជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់។
គួរបញ្ជាក់ថា ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យ ខាងលើឈ្មោះ មិល ពៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ និងចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ២គីឡូ និង០៥៤.២១ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី ៕