ខេត្តបាត់ដំបង÷មេឃកំពុងធ្លាក់ភ្លៀងខ្លាំងស្រាប់តែរន្ទះបានបាញ់សត្វគោ និងក្របីចំនួន ៣ក្បាលបណ្ដាលឲ្យងាប់នៅក្នុងស្រុករុក្ខគីរី និងស្រុកកំរៀង។
មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា÷ ឧបទ្ទវការណ៍នេះបានកើតឡើងចំនួន ២កន្លែង នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ដោយករណីទី ១បានកើតឡើងនៅត្រង់ចំណុចភូមិមុខរាហ៍ ១ ក្នុងឃុំមុខរាហ៍ ស្រុករុក្ខគិរី បណ្តាលឲ្យសត្វគោ និងសត្វក្របី ងាប់ចំនួន ២ក្បាល ចំណែលឯករណីទី ២បានកើតឡើងនៅត្រង់ចំណុចភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងបណ្តាលឲ្យងាប់សត្វគោ ១ក្បាល។
ជនរងគ្រោះម្ចាស់សត្វពាហន:លោកតា ម៉ូត កែវកុត អាយុ ៧០ឆ្នាំ ក្នុងមូលដ្ឋានស្រុកកំរៀងបានបញ្ជាក់ប្រាប់ដែរថា÷ គ្រោះធម្មជាតិរន្ទះបាញ់លើគោរបស់គាត់បានកើតឡើងនៅអំឡុងរសៀល គ្រាដែលសត្វគោរបស់លោកលែងចោលឲ្យស៊ីស្មៅនៅទីវាលស្រែក្បែរភូមិ។
តាមរយ:ការប្រែប្រួលបណ្តាលមកពីធម្មជាតិនេះបានផ្លាស់ប្តូរយ៉ាងលឿង ម្តងអាកាសធាតុក្រៅ ម្តងផ្ទៃមេឃស្រទុំអាប់អួរលឹម រន្ទះបាញ់ ម្តងមានខ្យល់កន្ត្រាក់ លាយឡំជាមួយទឹកភ្លៀងចុងក្រោយនេះអាជ្ញាធរ រួមទាំងមន្ត្រីជំនាញធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កន្លងមកក៏បានក្រើនរម្លឹកជារឿយៗផងដែរដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ពិសេសតំបន់ដាច់ស្រយាលឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីបាតុភូតធម្មជាតិផ្សេងៗ៕