ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្តចំពោះការរកឃើញវីរុសកូវីដ-១៩ នៅលើសាច់ក្របីដែលនាំចូលពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជា និងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងផេកហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងបន្តថា ស្ថានទូតឥណ្ឌាបានអះអាងថាសាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមក ប្រទេសកម្ពុជា។ មួយវិញទៀត សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនោះទេ ។
បើតាមការអះអាងពីស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា ក្រុមមហ៊ុននាំចេញរបស់ឥណ្ឌា ចំនួនពីរ បានទទួលការបញ្ជាក់អំពីសំណាក ដែលត្រូវបានគេធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍នៅក្នុងប្រទេសឥណ្ឌា ដែលទទួលស្គាល់ដោយ ISO 17025 រួចហើយ ពួកគេក៏បានរកឃើញថា អវិជ្ជមានវីរុស SARS-COV-2 ។
ដោយឡែកបើយោងតាមលិខិតរបស់លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និង លិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា សាច់ក្របីបង្កក ទាំង៣កុងតឺន័រ ដែលមានផ្ទុកមេរោគកូវីដ-១៩នេះ គឺចំនួន ០១កុងតឺន័រ របស់ក្រុមហ៊ុន បូវីនីហ្វ៊ូដ BOVINI FOOD Co.,LTD និងចំនួន០២កុងតឺន័រទៀត ជារបស់ក្រុមហ៊ុន អើស្អារី អ៊ីនវេសម៉ិន ខនស្ត្រាក់ស៊ិន ASHARY INVESTMENT & CONSTRUCTION Co.,LTD នៅទីលានផែស្ងួតត្រីកូដ ដ្រាយផត ៕
ឮ