ខេត្ត khovd ក្នុងប្រទេស ម៉ុងហ្គោលី គឺជាតំបន់សំខាន់មួយដែលអាចមើលឃើញពីភាពចម្រុះ នៃជាតិសាសន៍ របស់ពួកគេ។ ហើយអង្គការយូណេស្កូបានចុះក្នុងបញ្ជីសរុប ១៥កន្លែង ក្នុងប្រទេស ម៉ុងហ្គោលី ជាតំបន់បេតិកភណ្ឌ ពិភពលោក ។ ដោយក្នុងនោះបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីជាង ១០ ដែលជាទម្រង់វប្បធម៌ដើមរបស់ពួកគេ។
ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពប្រទេសមួយនេះ មានគោលបំណងអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌ នៅក្នុងខេត្ត khovd ដោយផ្អែកលើតំបន់បេតិកភ័ណ្ឌវប្បធម៌អរូបី និងសត្វចិញ្ចឹមដែលជាដិតដានរបស់ បុព្វបុរសពួកគេ។ នេះបើយោងតាមការចេញផ្សាយនៃសារព័ត៌មានA24។
ថវិកាសរុបចំនួន ១៥.០០០ដុល្លារ ត្រូវបានគ្រោងទុកសម្រាប់សាងសង់សារមន្ទីរ គម្រោងទេសចរណ៍ប្រកបដោយ និរន្តរភាព ក្នុងឆ្នាំ ២០២០ ដល់២០២៤ លើផ្ទៃដីទំហំ ១០០ ហិកតា ដែលមានសារមន្ទីរបេតិកភណ្ឌវប្បធម៌អរូបី ដោយប្រើប្រាស់ថវិការមូលនិធិរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី ដែលមានសហរដ្ឋអាមេរិក និងជប៉ុន ជាអ្នកផ្តល់មូលនិធិ នេះជាចម្បង ។
លោក G.Enkhbat នាយកមជ្ឈមណ្ឌលជាតិបេតិកភ័ណ្ឌវប្បធម៌ ម៉ុងហ្គោលី បានបញ្ជាក់ថា “ ខេត្ត Khovd មានបេតិកភ័ណ្ឌវប្បធម៌ដ៏សម្បូរបែបជាច្រើន ហើយវាត្រូវបានគេនិយាយថា ជាកន្លែងកំណើតនៃបេតិកភណ្ឌវប្បធម៌ អរូបី។ ជាមួយគ្នានោះ ប្រធានមន្ទីរ បរិស្ថាននិងទេសចរណ៍ នៃប្រទេសម៉ុហ្គោលី បានលើកឡើងថា“ រដ្ឋាភិបាលប្រទេសមួយនេះបានសម្រេចចិត្ត គាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន និងការអភិវឌ្ឍក្នុងតំបន់ទេសចរណ៍ ក្នុងឆ្នាំ ២០២០-២០២៤ ។ យើងមានគោលបំណងបង្កើតប្រភេទទេសចរណ៍តាមតំបន់ ជាមួយផលិតផល និងសេវាកម្ម ដោយផ្អែកលើទីតាំងភូមិសាស្ត្រធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធម៌នៅក្នុងតំបន់៕