សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួនក្នុងនោះមានដងខ្លួន ក្បាលយក្ស និងព្រះសិរទេវតា ត្រូវបានប្រទះឃើញក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ ។
បើតាមអាជ្ញាធរជាតិអប្សរាបានជម្រាប់ជុំវិញបញ្ហានេះថាក្រុមការងារបានរកឃើញក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្តាល ។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន០៤។ រីឯព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូមាត់។
ប្រភពខាងលើនេះដដែលនេះបានឲ្យដឹងបន្តថា ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ខ្លោងទ្វារនេះ ត្រូវបានធ្វើពិធីក្រុងពាលី បើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ ហៅ ខ្លោងទ្វារតាកាវ ដែលមានសភាពទ្រុឌទ្រោមខ្លាំង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ ខ្លោងទ្វារតាកាវសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្ដាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតា និងយក្សទាញព្រ័ត្រពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍ក្នុងវគ្គកូរសមុទ្រទឹកដោះ ៕