បាត់ដំបង៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ស្លាប់នៅលើម៉ូតូកង់បីរបស់ខ្លួនដែលចតនៅមុខមន្ទីរពេទ្យបង្អែកខេត្ត ឋិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយនៅមិនទាន់ដឹងមូលហេតុនៅឡើយ ។
បើតាមសាក្សីម្នាក់ដែលស្និតជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផន ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបររត់ម៉ូតូកង់បី«Pass App» រស់នៅបណ្តោះអាសន្ននៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង តែងមានជំងឺប្រចាំកាយច្រើនមុខ មានដូចជាជំងឺក្រិនថ្លើម និងជំងឺទឹកនោមផ្អែមជាដើម ។
នៅមុនពេលកើតហេតុដោយសារសភាពជំងឺធ្វើទុក្ខខ្លាំង កាលពីថ្ងៃទី ២០ ខែកក្កដាកន្លងមក បានពឹងពាក់ខ្លួនឲ្យជូនទៅរកគ្រូខ្មែរនៅឯស្រុកសំឡូត ដើម្បីព្យាបាលរោគដោយខ្លួនជាអ្នកបើកម៉ូតូ រីឯជនរងគ្រោះអង្គុយផង និងដេកផងនៅផ្នែកខាងក្រោយ លុះដល់ពាក់កណ្តាលផ្លូវចំណុចវាលចម្បាំងគាត់បាននិយាយសាកសួរទៅរកអ្នកជំងឺ តែគាត់មិនតបតស្ងាត់មាត់ឈឹងលែងឆ្លងឆ្លើយរហូតគាត់មិនអស់ចិត្ត ខ្លួនក៏ឈប់ម៉ូតូកង់បី ដើម្បីសួរនាំពីអាការរោគទើបដឹងថា ជនរងគ្រោះបាន ស្លា.ប់បាត់ទៅហើយ ។
សាក្សីរូបនេះបានបញ្ជាក់ថា នៅថ្ងៃដដែលក្រោយពេលដែលខ្លួនបានដឹងថាជនរងគ្រោះស្លាប់ ទើបដឹកវិលត្រឡប់បកក្រោយមកខេត្តវិញទាំងមិនបានដឹងថា ជនរងគ្រោះមានទីលំនៅនៅឯណាផងហើយក៏សម្រេចចិត្តដឹកសាកសពមកទុកនៅចំណតម៉ូតូរបស់គាត់នៅមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ហើយទុកចោលរហូតដល់ព្រឹកឡើងថ្ងៃទី២១ ទើបមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរជិតខាងមកមើលតែម្តង ។
ពាក់ព័ន្ធនឹងករណីនេះ ក្រោយពេលដែលសមត្ថកិច្ចជំនាញចុះទៅពិនិត្យលើសាកសពសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជា ស្លា ប់ ដោយសារជំងឺប្រចាំកាយកម្រិតធ្ង ន់ធ្ង រប្រាកដមែន រួចប្រគល់សាកសពទៅឲ្យសាច់ញាតិយកទៅធ្វើកិច្ចតាមបែបសាសនានិងបូជានៅក្នុងវត្តបច្ឆាក្រុងបាត់ដំបងតែម្តង ៕