សត្វ «ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ ចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូង នៅឆ្នាំ១៩៩៤ ក្នុងប្រទេសវៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរជ័យ ភាគឦសាន នៃប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន.
សត្វឈ្លូសយក្សចូលចិត្តរស់នៅ ក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាល ស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ)។ នៅកំឡុងទសវត្សន៏៩០ ស្នែងឈ្លូសយក្ស ត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយ នៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។
វាជាប្រភេទឈ្លូសដែលមាន មាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាម ក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទ ហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្ស និងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅ ទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់ ទី១៖ ស្នែងសត្វឈ្លូសយក្ស មានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា, ទី២៖ កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌ស នៅផ្នែកខាងក្រោម និងទី៣៖ ថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា៕