កំពង់ឆ្នាំង៖ អ្នករត់រថយន្តឈ្នួលម្នាក់រត់តាក់ស៊ីទាំងមិនដឹងថាខ្លួនកើតជំងឺកូវីដ-១៩ បានស្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លុះក្រុមគ្រូពេទ្យចុះទៅពិនិត្យសំណាកតាមឧបករណ៍រហ័សទើបដឹងថា សពបុរសរងគ្រោះកើតជំងឺកូវីដ ដែលអាចនឹងមានការពាក់ព័ន្ធអ្នកធ្លាប់ជិះរថយន្តនេះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
សពជនរងគ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំ មានមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះ គៀង ណៃ អាយុ៥៧ឆ្នាំ មានកូន២នាក់ មានទីលំនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពុងឆ្នាំង ។
បើតាមអាជ្ញាធរបានឲ្យដឹងថា មុនពេលស្លាប់ជនរងគ្រោះ មានអាការៈជំងឺធ្ងន់ធ្ងរ ក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីដឹកយកទៅធ្វើការជួយសង្គ្រោះ។ ប៉ុន្តែខាងរថយន្តពេទ្យមិនទាន់មកដល់ផង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅនឹងផ្ទះតែម្តង។ លុះក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើកសពជនរងគ្រោះជាបឋមរកឃើញថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩ ហើយសពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅទីតាំងបូជាសពថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ភ្លាមៗនោះក្រុមគ្រូពេទ្យបានយកសំណាក ទៅលើប្រពន្ធ និងកូន២នាក់របស់សពលើកទីមួយលទ្ធផលអវិជ្ជមានទាំងអស់ ។ ចំណែកសពជនរងគ្រោះមួយរយៈមុនស្លាប់ប៉ុន្មានថ្ងៃ ជនរងគ្រោះតែងប្រាប់ក្រុមគ្រួសារថា រូបគាត់មានអាការៈឈឺសាច់ដុំ និងអស់កម្លាំងហេវហត់ តែមិនបានឈប់សម្រាកនោះទេ គឺគាត់នៅតែបន្តរត់តាក់ស៊ីរហូតដល់មុនថ្ងៃស្លាប់១ថ្ងៃ ៕