ភ្នំពេញ៖ ជនសង្ស័យម្នាក់បង្កអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន ត្រូវសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅតុលាការ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។
ជនសង្ស័យមានឈ្មោះ រ៉ន សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរូបខ្លួនចេញពីធ្វើការមកដល់ផ្ទះឃើញប្រពន្ធខ្លួនកំពុងអង្គុយហូបគ្រឿងស្រវឹងជុំគ្នាជាមួយអ្នកជិតខាង ខ្លួនពិតជាមានការខឹងសម្បាយ៉ាងខ្លាំង បានបង្កជាអំពើហិង្សាទៅលើប្រពន្ធខ្លួនបណ្តាលឲ្យបែកមុខហូរឈាមសន្លប់ពិតប្រាកដមែន ។
សូមជម្រាបថាករណីហិង្សាខាងលើនេះត្រូវបានម្ចាស់ផ្ទះ រួមនឹងអ្នកជិតខាង ជួយឃាត់ដែរប៉ុន្តែមិនឈ្នះ ។ បន្ទាប់មកបានទំនាក់ទំនងប្តឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់រូបខ្លួនតែម្តង ៕