ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងថា ពេលមួយខែ ប្រជាពលដ្ឋកម្ពុជាប្រមាណ៣១នាក់បានស្លាប់ដោយសារករណីពុលស្រាដែលមានមានសារធាតុមេតាណុល (Metfaro) លើសកម្រិតខ្ពស់ពី៩,៥ ដល់១៥ភាគរយដែលធ្វើឱ្យពុល ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថាករណីស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលនេះ នៅបន្តកើតមានដោយនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២១ នេះ មានជាអាទិ៍ករណីស្លាប់ ១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាល ពីថ្ងៃទី៨ ដល់ទី២៣ ខែឧសភា ចំនួន ១៤នាក់ ករណីស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណីស្លាប់នៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ហើយ ដោយសារតែពុលស្រា ។
លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាលបង្ហាញថា មន្ទីរពិសោធន៍ទទួលបានសំណាកស្រាថ្នាំ និងស្រាស៤សំណាក មាន២សំណាកស្រាស និងស្រាថ្នាំដែលមានសារធាតុមេតាណុល (Metfaro) លើសកម្រិតខ្ពស់ពី៩,៥ ដល់១៥ភាគរយដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ ។
ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធបានចុះអប់រំ និងណែនាំដល់អ្នកលក់ទាំងបោះដុំ និងរាយ ឱ្យផ្អាកអាជីវកម្ម ស្រាស និងស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងបានអប់រំ ណែនាំដល់ប្រជាជននៅតាមភូមិ-ឃុំ ដែល កើតហេតុឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិត ឬបិតស្រា មិនបានត្រឹមត្រូវតាមក្បួនខ្នាត បច្ចេកទេស ។
ពាក់ព័ន្ធករណីនេះក្រសួងសុខាភិបាលបានទទូចដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នៅទូទាំងរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការមួយចំនួនរួមមាន៖ ដើម្បីការពារការពុលស្រាដែលបិតមិនត្រឹមត្រូវតាមបច្ចេកទេសនិងរក្សាជីវិតរបស់ខ្លួន ចូលរួមកុំពិសាស្រាដែលឋិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ជាពិសេសគឺ ពិសាស្រាស ឬស្រាថ្នាំ ដែលយកមេតាណុលមកលាយនេះតែម្តង ។ ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រាស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត ៕