ភ្នំពេញ ៖ មហាជនដែលចូលចិត្តវិស័យសិល្បៈ បានតាមដានយ៉ាងយកចិត្តទុកចំពោះការប្រកួតប្រជែងបវរកញ្ញាចក្រវាឡ ដោយក្នុងនោះប្រិយមិត្តភាគច្រើនបានចាប់អារម្មណ៍លើ រូបសម្រស់ ទេពកោសល្យ សមត្ថភាព និងភាពឆ្លាតវៃ រួមទាំងប្រវត្តិរបស់បវរកញ្ញាចក្រវាឡកម្ពុជា ។
ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់ បវរកញ្ញាចក្រវាឡកម្ពុជាកន្លងមក ៖
ទី១-កញ្ញា ប៊ី សុធារី៖ រូបនាង ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ កើតក្នុងថ្ងៃទី ៣ មេសា ១៩៩៨ ពេលប្រកួត រូបនាងទើបមានអាយុ ១៩ឆ្នាំ នាងមានកម្ពស់ ១,៧៣ ម៉ែត្រ រូបនាង ត្រូវបានគេស្គាល់ថា ជាបវរកញ្ញាតំណាងកម្ពុជា ដំបូងគេ ក្នុងការប្រកួតសម្រស់ បវរកញ្ញាចក្រវាឡ ការប្រកួតសម្រស់ដ៏ធំរបស់ពិភពលោក ។
ទី២-កញ្ញា រឿន ណាត៖ បវរកញ្ញាទី ២ តំណាងឲ្យកម្ពុជា ក្នុងការចូលរួម ការប្រកួត បវរកញ្ញាចក្រវាឡ ២០១៨ ដែលមានដើមកំណើត ក្នុងខេត្តកំពង់ចាម កើតនៅថ្ងៃទី ១ កញ្ញា ១៩៩៥។ រូបនាង បានចូលរួមប្រកួត បវរកញ្ញាចក្រវាឡ នេះក្នុងអាយុ ២២ឆ្នាំ ជាមួយគ្នានេះ ជាមួយគ្នា រូបនាងត្រូវបាន គេដឹងថា ធ្លាប់ធ្វើការ ជា DJ នៅ ABC។ ប្រសិនបើក្រឡេកទៅមើល សម្រស់រូបរាងខាងក្រៅវិញ រូបនាង មានកម្ពស់ដល់ទៅ ១,៧០ ម៉ែត្រ។
ទី៣-កញ្ញា សំណាង អាលីណា៖ បវរកញ្ញាកម្ពុជា ទី៣ ដែលតំណាងឲ្យកម្ពុជា ចូលរួមក្នុងការប្រកួត បវរកញ្ញាចក្រវាឡ ២០១៩។ រូបនាង ជាអ្នករស់នៅក្នុង រាជធានីភ្នំពេញ កើតនៅថ្ងៃទី ២៤ កុម្ភៈ ២០០១ ដែលក្នុងពេលប្រកួតនោះ នាងទើបមានអាយុ ១៨ឆ្នាំតែប៉ុណ្ណោះ ក្នុងនោះ រូបនាងត្រូវបានគេ ដឹងថា ជានិស្សិតបន្តការសិក្សា នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ផ្នែកទំនាក់ទំនងអន្តរជាតិ។
ទី៤-កញ្ញា រ៉េត សារីតា៖ បវរកញ្ញាកម្ពុជា ទី៤ ដែលតំណាងឲ្យកម្ពុជា ចូលរួមក្នុងការប្រកួត បវរកញ្ញាចក្រវាឡ ២០២០ រូបនាង មានដើមកំណើត កើតក្នុងរាជធានីភ្នំពេញ កើតនៅថ្ងៃទី ២២ ធ្នូ ១៩៩៤ ដែលគិតមកដល់សព្វថ្ងៃ មានអាយុ២៦ឆ្នាំ រូបនាង មានកម្ពស់ ១,៦៥ ម៉ែត្រ ប្រសិនបើក្រឡេក ទៅមើលពី ប្រវត្តិការសិក្សារបស់នាង ក៏មិនធម្មតាដែរ រូបនាង ត្រូវបានគេស្គាល់ថា ជានិស្សិតថ្នាក់អនុបណ្ឌិត ភ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ រូបនាងអាចនិយាយភាសាអង់គ្លេស និងបារាំង យ៉ាងស្ទាត់ជំនាញ ជាមួយគ្នានេះ រូបនាងជា អតីតសិស្សមកពី សាលា Lycée Français René-Descartes ហើយរូបនាង ធ្លាប់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ភាសាអង់គ្លេស នៅវិទ្យាស្ថានវណ្ណដា មិនតែប៉ុណ្ណោះ រូបនាងក៏មាន ប្រវត្តិការងារជាច្រើនដទៃទៀត៕