កីឡាជាតិ៖ ក្រោយការតែងតាំងជាគ្រូជំនួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ភា សុ័ក្ត្រា បានសម្តែងនូវក្តីរីករាយជាខ្លាំង ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្តល់សេចក្តីទុកចិត្ត ដែលលោកទទួលបានតួនាទីជាគ្រូជំនួយជាថ្មីម្តងទៀត សម្រាប់បេសកកម្មថ្មីៗ នៅក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនាពេលខាងមុខជាបន្តបន្ទាប់។
ថ្លែងប្រាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១, លោក ភា សុភ័ក្ត្រា បានចាត់ទុកថា នេះជាឱកាសថ្មី ក្នុងតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយការចូលរួមដឹកនាំនៃក្រុមជម្រើសជាតិកម្ពុជាគឺជាភារកិច្ចដ៏ធំបំផុត សម្រាប់ដំណើរឆ្ពោះទៅរកលទ្ធផលដ៏គាប់ប្រសើរណាមួយ។ «ការវិលត្រឡប់មកកាន់តួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិនេះ គឺជារឿងសំខាន់ដែលលោកចាត់ទុកថា នេះជាគឺជាការស្វែងរកនូវភាពសម្បូរបែបនៃការចង់ចេះចង់ដឹង ដោយសារក្នុងតួនាទីជាគ្រូជំនួយជាច្រើនឆ្នាំកន្លងទៅនេះគឺធ្លាប់បានទទួលនូវបទពិសសោធន៍យ៉ាងច្រើននៃការដឹកនាំ ផែនការហ្វឹកហាត់ និងការអនុវត្តការងារវិភាគនៃការប្រកួតពីលោក Felix G. Dalmas អតីតគ្របង្គោលជនជាតិអាហ្សង់ទីន ក៏ដូចជាក្រុមការងារ និងលោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា»។
លោក ភា សុភ័ក្ត្រា បន្ថែមទៀតថា ងាកមកមើលសមាសភាពថ្មីនៃក្រុមដឹកនាំថ្មីនៃក្រុមជម្រើសជាតិកម្ពុជា សហព័ន្ធទើបនឹងតែងតាំងគ្រូបង្គោលថ្មីជាជនជាតិជប៉ុន គឺលោក Ryu Hirose និងលោក Keisuke Honda បន្តធ្វើជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជារហូតដល់ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សមាសភាពក្រុមដឹកនាំថ្មីនេះនឹងធ្វើឲ្យលោកអាចផ្លាស់ប្តូរនូវរបៀបរបបនៃការជ្រើសរើស ការដឹកនាំ និងការគ្រប់គ្រងនៃក្រុមជម្រើសជាតិ រួមទាំងការមកជាមួយនូវគ្រូជំនាញកាយសម្បទា (Performance Coach) ដោយទាំងអស់នេះគឺជារបត់ថ្មីនៃក្រុមជម្រើសជាតិកម្ពុជាផងដែរ ដោយផ្តោតសំខាន់លើការស្តារនីតិសម្បទាកីឡាករ កាយសម្បទាកីឡការ ការអភិវឌ្ឍកម្លាំង សាច់ដុំ ភាពរហ័សរហួន ភាពបត់បែនជាដើម។
អតីគ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ (បច្ចុប្បន្នក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ) រូបនេះចាត់ទុកថា ក្រៅពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងក្រុមជម្រើសជាតិឲ្យអស់ពីលទ្ធភាពនោះ គឺលោកក៏នឹងអាចក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗ បទពិសោធន៍បន្ថែមទៀត ដើម្បីរៀបចំជាឯកសារសម្រាប់ចែករំលែកនូវចំណេះដឹងចែកជូនដល់គ្រូៗជំនាន់ៗក្រោយៗទៀតផង។
ជាមួយគ្នានោះ លោកក៏បានលើកឡើងពីបទពិសោធន៍ ដែលក្រុមកម្ពុជាចូលរួមប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ (កាលនោះលោកក៏ជាគ្រូជំនួយការដែរ) ហើយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ចំណាត់ថ្នាក់លេខ៤) ជាប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាជាលើកដំបូងនោះ គឺលោកបានមើលឃើញពីការខិតខំយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើផ្នែកការប្រកួត ការបណ្តុះណ្តាល និងការអភិវឌ្ឍថ្នាលយុវជននានា និងការប្រឹងប្រែងរបស់ក្លិបកីឡាបាល់ទាត់នៅកម្ពុជា ក្នុងការផ្តល់ឱកាសឲ្យយុវជនបានចូលរួមលេងច្រើនជាមួយនឹងការអភិវឌ្ឍក្រុមយុវជនរបស់ក្លិបផ្ទាល់ និងការខិតខំរបស់កីឡាករផ្ទាល់ និងចំណុចសំខាន់មួយទៀត គឺពាក់ព័ន្ធនឹងការដឹកនាំរបស់គ្រូបង្វិករបស់ក្រុមជម្រើសជាតិ ការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសកីឡាករជាដើម ដែលទាំងអស់នេះ គឺជាអ្វីដែលលោកអាចនិយាយបានថា ក្រុមជម្រើសជាតិកម្ពុជានឹងអាចបន្តការអភិវឌ្ឍកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ស៊ីហ្គេម ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ៕