ខេត្តស្វាយរៀង ៖ មន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ រួមជាមួយកូនចៅ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ឃាត់ខ្លួន ពាក់ព័ន្ធករណី នាំមនុស្សឆ្លងដែន (ជនជាតិចិន) ដោយខុសច្បាប់ បម្រុងយកឆ្លងទៅប្រទរសវៀតណាម កាលពីម៉ោង០៣និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុង ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។
នៅរសៀលថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ បើទោះជាមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយពីសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងនៅឡើយក៏ដោយ ក៏នៅក្នុងរូបភាព គេឃើញសមត្ថកិច្ចបានឃាត់ខ្លួនលោកផ្កាយពីរ ស៊ុ ពៅ ជាមួយនិងទាហានចំនួន៥រូបទៀត ដែលមានឯកសណ្ឋានជាកងទ័ព និងមានរថយន្តទំនើបចំនួន ៤គ្រឿង ក្នុងនោះមួយគ្រឿងពាក់ផ្លាកកងយោធពលខេមរភូមិន្ទ នឹងមានជនជាតិចិនចំនួន ២៨នាក់ ដែលសមត្ថកិច្ចបង្ហាញខ្លួន នឹងកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយតាមនីតិវិធី។
សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»៕