ភ្នំពេញ ៖ ត្រឹមថ្ងៃទី២២ មេសានេះ ចំនួនផ្សារតូចធំក្នុងរាជធានីភ្នំពេញ ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន ជាបន្តបន្ទាប់ ដែលរហូតពេលនេះ មានចំនួនជាង២០ផ្សារហើយ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្គត់ផ្គង់ទំនិញដល់ពលរដ្ឋ។
ផ្សារដែលត្រូវបានអាជ្ញាធរប្រកាសបិទ រួមមាន ផ្សារអូឡាំពិក ,ផ្សារដើមគរ, ផ្សារនាគមាស , ផ្សារបឹងត្របែកផ្លាហ្សា, ផ្សារអូឬស្សី , ផ្សារចាស់ , ផ្សារកណ្ដាល, ផ្សារពោធិ៍ចិនតុង, ផ្សារត្រពាំងថ្លឹង, ផ្សារឯករាជ្យ១, ផ្សារទួលពង្រ, ផ្សារសេនជូរីផ្លាហ្សា, ផ្សារធំទួលសង្កែ, ផ្សារប៉េសេ, ផ្សារបឹងទំពុន, ផ្សារដេប៉ូ, ផ្សារសាមគ្គី, ផ្សារដើមអំពិលឬផ្សារលូ, ផ្សារឌុយមិញឬផ្សារសេរីភាព, ផ្សារលូ៥, ផ្សាររស្មីមានជ័យ ហៅផ្សាររោងចក្រ៣ជាន់,ផ្សាររីករាយ, ផ្សារភូមិសាមគ្គី និងផ្សារឈូកមាស។
ជាមួយគ្នានេះ ផ្សារមួយចំនួនទៀតនៅក្រុងតាខ្មៅ ក៏បានបិទដំណើរការជាបណ្ដោះអាសន្ន ក្នុងនោះរួមមានដូចជា ផ្សារតាខ្មៅចាស់ ផ្សារតាខ្មៅថ្មី និងផ្សារកាត់ជ្រុង ។
ពលរដ្ឋមួយរដ្ឋមួយរូបរស់នៅសង្កាត់ទួលសង្កែទី១ បានឱ្យដឹងថា បន្ទាប់ពីផ្សារធំទួលសង្កែ ឬផ្សារសាំហាន់ រួមនឹងផ្សារតូចៗមួយមួយចំនួនទៀតបានបិទដែរនោះ ធ្វើឱ្យអ្នកស្រីពិបាកស្វែងរកទិញទំនិញផ្សេងៗ ដោយអាជ្ញាធរអនុញ្ញាតឱ្យលក់នៅតាមផ្ទះតូច ដែលមិនមានទំនិញសម្រប់បំពេញតម្រូវការអ្នកទិញ និងលក់ឡើងថ្ងៃទៀតផង។
លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ការបិទផ្សារទាំងនេះ បានធ្វើឱ្យប៉ះពាល់ជីវភាព និងការផ្គត់ផ្គង់ទំនិញដល់ប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ក្រហម ដែលក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះ មានការរាំងស្ទះ លំហូរទំនិញទាំងទំនិញប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងបរិភោគ ព្រមទាំងទំនិញផ្សេងទៀត ។លោកបន្ថែមថា ជំនួសឱ្យការបិទផ្សារទាំងនោះបណ្តោះអាសន្ន អាជ្ញាធរ គួររៀបចំទីតាំងលក់ឱ្យប្រជាជន នៅទីតាំងទីវាល ឬកន្លែងទីតាំងធំទូលាយ ដែលមានខ្យល់ចេញចូល មានគម្លាតស្តង់ដារ។
ទន្ទឹមគ្នានេះដែរ លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃពុធថា តម្រូវការបន្លែស្រស់នឹងកើនឡើង ក្រោយពេលប្រជាពលរដ្ឋបានបរិភោគមីកញ្ចប់ ត្រីខកំប៉ុង ឬអាហារក្រៀម អស់មួយ ឬពីរសប្តាហ៍ ដូច្នេះគួរមានការជំរុញឱ្យមានការលក់បន្លែ ត្រី សាច់ ដោយរ៉ឺម៉កចល័តតាមភូមិនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងដែលត្រូវបានបិទខ្ទប់៕