ខេត្តព្រះវិហារ ៖ ផ្ទះមួយខ្នង ត្រូវបានភ្លើងឆេះ អស់ទាំងស្រុង រួមជាមួយទ្រព្យសម្បត្តិមួយចំនួន ដោយសារតែកូនមានសតិ មិនគ្រប់ បានយកដែកកេះទៅដុត កាលពីម៉ោង ៦នឹង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
លោកឧត្តមសេនីយ៍ សំ សាមឿន ស្នងការរងទទួលបន្ទុកអាវុធជាតិផ្ទុះនឹងអគ្គិភ័យបានអោយដឹងថា ផ្ទះទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ រួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំត្រូវបានឆេះអស់ទាំងស្រុង ដោយសារកូនឈ្មោះ ស្រ៊ុន គឹមឆេង ភេទប្រុស អាយុ៤០ឆ្នាំ មានជម្ងឺសរសៃប្រសាទជាអ្នកដុត ។
លោកឧត្តមសេនីយ៍ សំ សាមឿន បន្តថា នៅក្នុងហេតុការណ៍ កម្លាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦រថយន្តទើបធ្វើអោយអគ្គិភយ័រលត់មិនឆ្លងដល់ផ្ទះជិតខាង ។
នៅក្នុងហេតុការណ៍ ភ្លេីងបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ប៉ុន្តែឆេះត្រឹមជញ្ជាំងមួយចំហៀង យ៉ាងណាលោកថាបើក្រុមការងារជួយពន្លត់មិនទាន់ទេ ច្បាស់ជាអាចឆេះរាលដាលអស់ផ្ទះជាច្រើនខ្នងទៀត ៕