ភ្នំពេញ៖ កម្ពុជា និងទីម័រខាង សម្រេចបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយសារមើលឃើញពីទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ស្ថិតក្នុងកម្រិតទាបនៅឡើយ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាថ្មីៗកន្លងទៅនេះ ។
សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
ក្រសួងបានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីដែលមានស្រាប់ ។ លើសពីនេះលោករដ្ឋមន្ត្រីបានជម្រាបដល់សមភាគីបន្ថែមថា កម្ពុជានៅតែបើកចំហរសម្រាប់ការពិភាក្សាលើការនាំចេញអង្ករទៅទីម័រខាងកើត តាមការស្នើសុំរបស់ប្រទេសមួយនេះកាលពីឆ្នាំ២០២០កន្លងទៅ ។ លោកបញ្ជាក់ថា អង្ករកម្ពុជាត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាអង្ករមានគុណភាពខ្ពស់ ៕