វ៉ាស៊ីនតោន៖ យោធាអាមេរិកបានបើកការវាយប្រហារលើមូលដ្ឋានជាច្រើនកន្លែងរបស់ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត ដែល គាំទ្រដោយអ៊ីរ៉ង់ ស្ថិតនៅក្នុងប្រទេសស៊ីរី ។ នេះបើយោងតាមសារព័ត៌មាន militarytimes ដែលបាន ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ចន ឃើប៊ី (John Kirby) អ្នកនាំពាក្យមន្ទីរ បញ្ចកោណ បានថ្លែង ប្រាប់ឲ្យដឹងថា ការបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត ដែលស្ថិត នៅភាគខាងកើតប្រទេសស៊ីរីនៅល្ងាចថ្ងៃព្រហស្បតិ៍(ម៉ោងក្នុងតំបន់)នេះធ្វើឡើងតាមបទបញ្ជា របស់ លោកប្រធានាធិបតី ចូ បៃដិន ។ លោកបន្តថា លោកប្រធានាធិបតីនឹងបញ្ជាឲ្យធ្វើសកម្មភាពជាច្រើន ទៀតដើម្បីការពារយោធាអាមេរិក និងក្រុមកម្លាំងចម្រុះអន្តរជាតិ និងដើម្បីឆ្លើយតបនឹងការវាយប្រហាដោយគ្រាប់រ៉ុក្កែត ប្រឆាំងនឹងយោធាអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់កាលពីថ្ងៃទី១៥ ខែកុម្ភៈ ។
បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណខាងលើដដែលនេះ បានបញ្ជាក់ថា យោធាអាមេរិក បានវាយប្រហារ តាមផ្លូវអាកាសកម្ទេចមូលដ្ឋានជាច្រើនកន្លែងតាមបណ្តោយព្រំដែន ដែលត្រូវបានប្រើប្រាស់ដោយ ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ក្នុងនោះរួមមាន ក្រុមសកម្មប្រយុទ្ធ កាតាអ៉ីប ហេសបូលឡាហ៍ (Kata’ib Hezbollah ឬ KH) និង កាតាអ៉ីប សាយយីដ អាល់ ស៊ូហាដា (Kata’ib Sayyid al-Shuhada ឬ KSS) ជាដើម ។
បើទោះបីជាយ៉ាងណាក្តី ការវាយប្រហារបើយោធាអាមេរិកនេះ នៅមិនទាន់មានការបញ្ជាក់អំពី ទំហំនៃការបំផ្លិចបំផ្លាញ ចំនួនអ្នកស្លាប់ និងរបួសនៅឡើយនោះទេ ៕