ខេត្ដឧត្ដរមានជ័យ៖ បុរស២នាក់នាំគ្នាហូបសត្វកំភេមខ្មោច បណ្ដាលឲ្យពុលស្លាប់ជាបន្ដបន្ទាប់ ចន្លោះពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
មន្រ្ដីនគរបាលក្រុងសំរោង បានឲ្យដឹងថា បុរសរងគ្រោះ ទាំង២នាក់នោះ រួមមាន ទី១-ឈ្មោះ ផុន ញូង អាយុ៣៨ឆ្នាំ និងទី២-ឈ្មោះ ផល មួន អាយុ៤៧ឆ្នាំ ។ ពួកគាត់ទាំង២នាក់ មានមុខរបរស៊ីឈ្នួលបើករថយន្ដឲ្យគេ មានលំនៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះទាំង២នាក់ បាននាំគ្នា ចាប់សត្វកំភេមខ្មោច យកមកធ្វើម្ហូប។ ប៉ុន្ដែក្រោយពេលបរិភោគរួច ពួកគាត់ចាប់ផ្ដើមមានអាការក្អួតចង្អុរយ៉ាងខ្លាំង។ ឃើញមានអាការពុលបែបនេះ អ្នកជិតខាងបានបញ្ជូនពួកគាត់ទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ ប៉ុន្ដែដោយសារស្ថានភាពសុខភាពរបស់អ្នកជំងឺធ្ងន់ធ្ងរពេក ទើបគេបញ្ជូនទៅសង្រ្គោះ នៅឯមន្ទីរពេទ្យខេត្តសៀមរាប។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តសៀមរាប ក្រុមគ្រូពេទ្យក៏ជួយព្យាបាលអ្នកជំងឺទាំង២នាក់។ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ជនរងគ្រោះឈ្មោះផុន ញូង ក៏បានស្លាប់។ រហូតមកដល់វេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ជនរងគ្រោះឈ្មោះ ផល មួន ក៏បានស្លាប់បន្ដទៀត។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋយើង ត្រូវចូលរួមរក្សាអនាម័យជានិច្ច ក្នុងការរស់នៅ។ ពោលគឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពារ អំពីជំងឺផ្សេងៗ ជាពិសេសត្រូវហូបចំណីអាហារណាដែលយើងស្គាល់ច្បាស់។ បើចំណីណាណាដែលមិនស្គាល់ច្បាស់ មិនត្រូវហូបនោះទេ ដូចជាផ្សិត ត្រីកំពត ឬសត្វផ្សេងៗដទៃទៀត ព្រោះវាធ្វើឲ្យយើងពុលស្លាប់ ដូចករណីខាងលើនេះអ៊ីចឹង៕