ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: សហការជាមួយ គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និង សុវត្ថិភាពការងារក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិខាងការងារ (ILO/Japan OSH Project) បានរៀបចំសិក្ខាសាលាពិនិត្យមើលលើមេរៀនថ្មីស្តីពី “ សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់” ដល់មន្ត្រីនៃនាយកដ្ឋានពេទ្យការងារ ដែលមានរយៈពេល០៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០១-០៣ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ដែលសិក្ខាសាលានេះ បានទទួលថវិកាឧបត្ថម្ភតាមរយៈគម្រោងពីមូលនិធិរាជរដ្ឋាភិបាលជប៉ុន ។
សិក្ខាសាលានេះមានគោលបំណងពិភាក្សាពីមេរៀនថ្មីដែលបានតាក់តែងឡើង និងស្នើឲ្យអ្នកចូលរួមពិនិត្យលើសេចក្តីព្រាង និងផ្តល់នូវធាតុចូលថ្មីៗបន្ថែម សម្រាប់ការកែសម្រួល លើសេចក្តីព្រាងនៃមេរៀន សំដៅឆ្លើយតបទៅនឹងតម្រូវការ នៃការវិវឌ្ឍន៍ការវិនិយោគលើវិស័យសំណង់ ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានាពេលនោះ ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង (ILO/Japan OSH Project) បានមានប្រសាសន៍ កោតសរសើរដល់ថ្នាក់ដឹកនាំនៃនាយកដ្ឋានពេទ្យការងារ និងមន្ត្រីនៃគម្រោង (ILO/Japan OSH Project) ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីធ្វើការពិភាក្សាគ្នាឲ្យកាន់តែលំអិតស៊ីជម្រៅបន្ថែមទៀត ទៅលើអ្វីដែលជាចំណុចសំខាន់ ដែលត្រូវដាក់បញ្ចូលទៅក្នុងមេរៀនសម្រាប់យកទៅប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តម វេជ្ជបណ្ឌិត បានយល់ស្របនឹងរបាយការណ៍ដែលបានចែករំលែក ដោយ ឯកឧត្តម ទន្តបណ្ឌិត ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ ពីការរីកលូតលាស់នៃវិស័យសំណង់ និងហានិភ័យនៃគ្រោះថ្នាក់ការងារ និងជម្ងឺវិជ្ជាជីវ: ដែលកម្មករ និយោជិតប្រឈមផងដែរ។
ឯកឧត្តម វេជ្ជបណ្ឌិតសង្ឃឹមថា សិក្ខាកាមនឹងយកចិត្តទុកដាក់លើការពិភាក្សា រួមនឹងការចុះការដ្ឋានសំណង់ដោយផ្ទាល់ដើម្បី បន្តបេសកកម្មរបស់រាជរដ្ឋាភិបាល រួមជាមួយភាគីនិយោជក និងសហជីពក្នុងការបន្តការងារសុខភាព និងសុវត្ថិភាពការងារឲ្យបានប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ប្រជាជនជប៉ុនតាមរយៈរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយឧបត្ថម្ភ ដល់ការងារសុខភាព និងសុវត្ថិភាពក្នុងវិស័យសំណង់នេះដល់រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមកផងដែរ៕