គ្រប់កម្មវិធីណា ដែលមាន ការអញ្ជើញរ៉ូលីន និង អ្នកនាងកាតុអោយ ចូលរួមប៉ះគ្នា រមែងតែងតែមាន ការរីករាយ សប្បាយបង្កអោយ បរិយាកាសអធឹក អធមតែម្តង។ ម្ល៉ោះហើយមិនថា តែការជប់លៀង ឬមង្គលការនោះទេ ម្ចាស់កម្មវិធីខ្លះ នឹកដល់តារាកំប្លែងមួយគូនេះណាស់ មិនចោលនោះទេ គឺកក់ឬអញ្ជើញចូលរួម អុកឡុកអោយសប្បាយតែម្តង។អ្នកនាង សុខ ច័ន្ទធីតា និង រ៉ូលីន បានក្លាយជាដៃគូចម្រៀង និងសម្តែងកំប្លែងរួមគ្នា ដោយទទួល បានការពេញនិយមពីសំណាក់ហ្វេនៗ។ អ្នកទាំង២ជាកំពូល អ្នកបានសំដី បោះទៅបោះមកប្រកបដោយ សំណើច ទៅដល់ណា ឡើងឆាកណាដឹងតែអ្នកមើល ទ្រាំសើចមិនបាន។ ក្រោយពីអាក់ខានរួមគ្នាផ្តល់សំណើច ដល់មហាជន ច្រើនខែ តារាកំប្លែង១គូនេះ ផ្តើមរីកមុខឡើងវិញហើយ ដោយបានចាប់គូគ្នាសម្តែង ស្របពេលវិបត្តិកូវីដ បានខ្សោយចុះជាបន្តបន្ទាប់។
រ៉ូលីន និយមតុបតែងជា មនុស្សស្រីលេងទឹកមុខ កំប្លែងលើឆាក ត្រូវបានអ្នកទស្សនាសរសើរថា មានដុងទោះជាប្រុសមែន ដែលអាចច្រៀងតុងសំឡេងស្រី បានដោយគ្មានឧបសគ្គ។ ពិសេសអ្នកណាក៍ថា រ៉ូ លីនមានតុងសំឡេង កាច់ស្ទីលទៅរកប៉ែន រ៉ន ម៉ៅ សុីណាត ត្រាប់បានដោយគ្មានអ្វីធ្វើមិនបាន។ លើសពីនេះបទបែបមរតកដើម របស់ប៉ែន រ៉ន រស់ សេរីសុទ្ឋា រ៉ូលីន ចេះស្ទាត់ច្រើនសុីផុយ។ គ្រប់ការសម្តែងរបស់តារា ជំនាញរូបនេះ ធ្វើអោយកម្មវិធីសប្បាយ និងផ្តល់ដោយ អនុស្សាវរីយ៍ ល្អៗក្នុងឱកាសពិសេសៗកើតឡើង។
បែបនេះហើយទើប អ្នកនាងកាតុ ដែលក្លាយជាថៅកែហ្វឺ បានសហការរួមគ្នា ដើម្បីសម្តែង។ ការសម្តែងរវាងអ្នកទាំង២សមគ្នា ទោះលើសលុះខ្វះខាតបែបណានោះជាការសម្តែង។ អ្នកនាងកាតុចាត់ទុករ៉ូលីន ជាដៃគូល្អ ដែលយល់សាច់ការពេលឡើងឆាកហើយ អាចបំបែកការទាក់ទាញបាន។ ទើបកន្លងមកគ្រប់ការសម្តែងតាមឆាកតន្ត្រី អ្នកដឹកនាំរមែងយក អ្នកទាំង២ច្រៀងរួមគ្នា ដោយខ្វះមិនបាន។ ភាពល្អនេះហើយ ទើបធ្វើអោយមានការនឹករលឹក តារា១គូនេះ ក្រោយខកខាន យូរខែ ដោយសារការរក្សាគម្លាតកូវីដ ទើបមិនអាចបំពេញសំណូមពរបាន។ ចាប់ពីពេលនេះទៅជាឱកាសថ្មី បានមកដល់ហើយ ទស្សនិកជនអាចបន្តការផ្ទុះសំណើចឡើងវិញជាថ្មី។
បើនិយាយពីឱកាសច្រៀងនៅក្រៅប្រទេសវិញ រ៉ូលីន និង កាតុធ្លាប់ដឹកដៃគ្នាចេញទៅ អង្រួនឆាកតន្ត្រីតាមរដ្ឋនានា នាសហរដ្ឋអាមេរិក កាលពីប៉ុន្មានឆ្នាំមុន។ ពេលនោះបងប្អូនខ្មែរ នៅអាមេរិកបានរីករាយ និងគាំទ្រច្រើនណាស់ព្រោះពូកែសម្តែង ពិសេសសំឡេងច្រៀង របស់រ៉ូលីនដូចប៉ែន រ៉ន។ អ្នកក្រៅប្រទេស រំពឹងថា ពេលណាមួយជួបអ្នកទាំង២ម្តងទៀតជាមិនខាន។