ភំ្នពេញ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៤៥នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខផ្ទះលេខ៤៦H ផ្លូវលេខ៣២៨ ក្រុមទី២៣ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ អ៊ឹង សុវណ្ណខេមរា ហៅមាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់ថ្នាំញៀន) ។ ២-ឈ្មោះ សម្បត្ដិ បូរី ហៅបូរី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចាក់ជ្រូក ស ង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ (ប្រើប្រាស់ថ្នាំញៀន) ។
វត្ថុតាងចាប់យក៖ ១-ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IX 7353 លេខតួ+លេខម៉ាស៊ីន E-6033181 (របស់ជនសង្ស័យ) ។ ២-ទូរស័ព្ទ០១គ្រឿងម៉ាក Iphone 12 pro Max ពណ៌ខៀវ លេខស៊ីម ០៨៨ ៥០៧៧៧៨៨ (របស់ជនរងគ្រោះ) ។ចំពោះទូរស័ព្ទដៃខាងលើ ជារបស់ជនរងគ្រោះ ដែលសមត្ថកិច្ចចាប់យកពីជនសង្ស័យ បានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយបានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ ជា លីឃាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មុខរបរមេការសំណង់ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៤និង៥០នាទី ជនសង្ស័យខាងលើ រួមនឹងបក្ខពួក ចេញពីផឹកស៊ីនៅក្លឹបម្ដុំផ្លូវ២០០៤ ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IX 7353 ពេលជិះម៉ូតូមកដល់ចំណុចមុខផ្ទះលេខ៤៦H ផ្លូវលេខ៣២៨ ក្រុមទី២៣ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ក៏ឃើញជនរងគ្រោះ កំពុងជិះម៉ូតូដៃខាងឆ្វេងកាន់ទូរស័ព្ទ០១គ្រឿងម៉ាកខាងលើ ពេលនោះពួកក្រុមជនសង្ស័យបានបើកម៉ូតូអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យអង្គុយខាងក្រោយ ធ្វើសកម្មភាពលូកដៃស្ដាំឆក់ទូរស័ព្ទ ពីដៃជនរងគ្រោះបានសម្រេច ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកចោរៗ ស្របពេលសមត្ថកិច្ចល្បាត ធ្វើការអន្ដរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនឹងវត្ថុតាងនាំកាន់ទីស្នាក់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ដើម្បីសាកសួរតែម្ដង ។បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង កង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕