នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ររាជធានីភ្នំពេញ និង ថ្នាក់ខណ្ឌ នៃរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័័យ បន្តចុះត្រួតពិនិត្យ និង វាយតម្លៃនូវសាលារៀនចំនួន ០៦ ទីតាំង ក្នុងនោះមាន ៖ សាលាអន្តរទ្វីបអាមេរិកកាំង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សាលាអន្តរជាតិលុចសារី , សាលាមីគីវ៉េសាខាទី៤ភូមិឬស្សី , វិទ្យាល័យអង្គការលើកស្ទួយប្រជាពលរដ្ឋ , សាលានិសិនគ្រីបអាខាដេមី , សាលាអន្តរជាតិរីឌីមេឌម៉ារ៉ាណាថា ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានស្នើសុំបើកដំណើការឡើងវិញ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ។
ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃ នេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌមានជ័័យ បានមានប្រសាសន៍ថា នាយកគ្រប់គ្រងសាលា ត្រូវគោរពតាមសេចក្ដីជូនដំណឹង លេខ ០៧៣/២១ សជណ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា លេខ ៥០ អយក.សណន ស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ របស់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់បន្ថែមថា ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវអនុវត្តដូចខាងក្រោម ៖
១. បង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា
– ត្រូវបង្កើត និងពង្រឹងកិច្ចការរបស់គណៈកម្មការសុខភាពសិក្សា នៅក្នុងគ្រឹះស្ថាន ដោយមានសមាសភាពច្បាស់លាស់
– រៀបចំបន្ទប់សុខភាពនៅក្នុងសាលា ដោយបំពាក់នូវសម្ភារៈចាំបាច់សម្រាប់សង្គ្រោះបឋម និងឧបករណ៍វាស់កម្តៅ អាល់កុល ឬជែល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
២. វិធានការសុវត្ថិភាព និងអនាម័យ
– គណៈគ្រប់គ្រងសាលា ត្រូវរៀបចំអោយមានការវាស់កម្តៅទៅលើអ្នកសិក្សាបុគ្គលិក លោកគ្រូ អ្នកគ្រូ មុននិងអនុញ្ញាតអោយចូលបរិវេណគ្រឹះស្ថានសិក្សា
– អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ ត្រូវបាក់ម៉ាស់ជាប្រចាំ
– អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ ត្រូវលាងដៃ ជាមួយនិងសាប៊ូ អាល់កុល ឬជែល មុននិងចូលគ្រឹះស្ថានសិក្សា
– រៀបចំអោយមានគម្លាតសុវត្ថិភាព រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀនយ៉ាងតិច ១.៥ ម៉ែត្រ ពីគ្នា
៣. បរិក្ខារអនាម័យ
– រៀបចំបរិក្ខារលាងសម្អាតដៃអោយបានច្រើន នៅច្រកចេញ ចូល សាលា
– សិស្សទាំងអស់ត្រូវមានទឹកស្អាតទទួលទានយ៉ាងតិច ៥០០ មីលីលីត្រ ក្នុងមួយនាក់
– ត្រូវមានបង្គន់អនាម័យយ៉ាងតិចមួយ សម្រាប់សិស្សប្រុស និងមួយសម្រាប់សិស្សស្រី នៅក្នុងសាលា
– ត្រូវរៀបចំត្រៀមបម្រុងនូវម៉ាស់ អាល់កុល ឬជែល នៅសាលា
៤. ការធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩
– ត្រូវរៀបចំផែនការធ្វើតេសរហ័ស ចំពោះសិស្ស ដែលមានអាការៈសង្ស័យមេរោគកូវីដ-១៩
– ប្រសិនបើមានវិជ្ជមាន ឬមានអ្នកផ្ទុកជំងឺ កូវីដ-១៩ ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តីពីការធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩
៥. ការចាក់វ៉ាក់សាំងបង្ការ
– អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងអស់
– អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនត្រូវអនុញ្ញាតអោយចូលសាលាឡើយ
– ចំពោះអ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលមានជំងឺប្រចាំកាយ គួរអនុញ្ញាតអោយបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ
៦. សុវត្ថិភាពចំណីអាហារ
– ត្រូវផ្សព្វផ្សាយ និងណែនាំដល់មាតាបិតា ឬអាណាព្យាបាលសិស្សអោយយកចិត្តទុកដាក់ទៅលើចំណីអាហារប្រកបដោយមានសុវត្ថិភាព និងសុខភាពត្រឹមត្រូវ
– អ្នកសិក្សា បុគ្គលិក លោកគ្រូ អ្នកគ្រូ គួរយកចំណីអាហារ ពីផ្ទះរៀងៗខ្លួនដើម្បីទទួលទាន
– ផ្អាកការលក់ចំណីអាហារនៅក្នុងសាលា និងនៅក្រៅជាប់សាលា រហូតដល់មានការណែនាំថ្មី
៧. ការថែទាំសុខភាពផ្លូវចិត្ត
– គ្រប់គ្រងការតានតឹងផ្លូវចិត្ត និងវិធីថែទាំផ្លូវចិត្តដូចជា បរិភោគអាហារ ទទួលទានទឹក និងសម្រាកអោយបានគ្រប់គ្រាន់ ។