ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលជំនួយម៉ូតូចំនួន ៤០០គ្រឿង ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីចែកចែកជូនមន្ត្រីសុខាភិបាលជួរមុខនៅតាមបណ្ដារាជធានី-ខេត្ដទាំង២៥ សម្រាប់ប្រើប្រាស់ក្នុងការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា។លោកស្រីប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាលត្បាតជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនទាំងមូល។ លោកស្រីក៏បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់រស់នៅលើទឹកដីកម្ពុជា។រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ពីទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រី្ដសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕