ភ្នំពេញ៖ បន្ទាប់ពីក្រសួងកិច្ចការនារីបានផ្ដល់ទំនុកចិត្តជ្រើសរើសជាទូតសុឆន្ទៈកាលពីពេលថ្មីៗ ពេលនេះអ្នកនាង រ៉េត សារីតា បានប្ដេជ្ញាចិត្តខ្ពស់បំពេញតួនាទីឲ្យបានល្អបំផុត ដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី និងជាគំរូសម្រាប់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម និងសុខុមាលភាព តាមរយៈការចូលរួមទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងក្មេងស្រីក្នុងសង្គមជាតិ ។
អ្នកនាងចាត់ទុកថា រូបអ្នកនាងមានកិត្តិយសធំធេងណាស់ ចំពោះការផ្ដល់តួនាទីជាទូតសុឆន្ទៈដំបូងគេ របស់ក្រសួងកិច្ចការនារី ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រី តាមរយៈការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងរបស់សាធារណជន អំពីសមាសភាពយេនឌ័រ និងរួមចំណែកកាត់បន្ថយរាល់ទម្រង់ នៃការរើសអើង និងអំពើហឹង្សាគ្រប់រូបភាព លើស្ត្រីនិងក្មេងស្រី ក្នុងប្រទេសកម្ពុជាបែបនេះឡើយ ។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងកិច្ចការនារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ តាមរយៈ ZOOM ជាមួយកញ្ញា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ប្រកបដោយបរិយាបន្នក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពលោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចកានារី និងជាតំណាង លោកស្រីរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី ៕