ភ្នំពេញ៖ ពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន លោក សុខ សុធន ដែលជាតារាសម្តែងនិងជាផលិតករល្បីឈ្មោះ បានបង្ហាញចៅស្រីបង្កើតរបស់ខ្លួនយ៉ាងស្រស់ស្អាត ទៅកាន់មហាជនដោយបានត្រៀមខ្លួនប្រកួតបវរកញ្ញាឯកកម្ពុជាឆ្នាំ២០២១ នាពេលខាងមុខនេះ រហូតធ្វើឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលចំពោះដំណឹងនេះយ៉ាងខ្លាំង ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក សុខ សុធន បានបង្ហោះរូបភាពចៅស្រីជាច្រើនសន្លឹក ដោយបានបញ្ជាក់ថា ចៅស្រីបង្កើតរបស់លោក ត្រូវបានជ្រើសរើសជាបវរកញ្ញាកម្ពុជា ឆ្នាំ២០២១ នាពេលខាងមុខនេះ ។ដោយឃើញបែបនេះគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែលោកមិនធ្លាប់បានបង្ហើបឲ្យគេដឹងសោះថា លោកមានចៅក្រមុំស្រស់ស្អាតបែបនេះរហូតក្លាយទៅជាបេក្ខនារីក្នុងការប្រកួតនោះទេ ហើយចៅស្រីម្នាក់នេះនាងគឺជាកូនស្រីបង្កើត កូនប្រុសទី២របស់លោក និងជាចៅស្រីបងគេ ក្នុងចំណោមចៅបង្កើតទាំង៦របស់លោក ។
ពាក់ព័ន្ធនឹងបញ្ហានេះផេកផ្លូវការរបស់ Miss Grand Cambodia បានបង្ហោះជាផ្លូវការកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ចៅស្រីរបស់លោក សុខ សុធន មានឈ្មោះថា ធុន បញ្ញា ដែលមានអាយុ១៩ឆ្នាំ កម្ពស់១.៧២សង់ទីម៉ែត ដែលត្រូវបានកម្មវិធីបវរកញ្ញាឯកកម្ពុជា ត្រៀមជម្រុះពីTop 50 មក Top25 ហើយក៏ក្លាយជាបេក្ខនារីផ្លូវការសម្រាប់ការប្រលងនៅថ្ងៃផ្តាច់ព្រ័ត្រ ចំពោះលទ្ធផលនឹងប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ៕