ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដើម្បីដឹកវ៉ាក់សាំង Astra Zeneca ទៅកាន់បណ្តាខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីចាប់ផ្តើមចាក់ដូសទី៣ ជូនដល់មន្រ្តីជួរមុខ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ។
លោកជំទាវ ឱ វណ្ណឌីន បានជម្រាបបន្ថែមថា ការបញ្ចេញឧទ្ធម្ភាគចក្រដឹកវ៉ាក់សាំងទៅតាមបណ្តាខេត្ត និងការបើកយុទ្ធនាការនេះ សុទ្ធសឹងជាការគិតគូរយ៉ាងច្បាស់លាស់អំពីបញ្ហាសុខភាពរបស់ដល់មន្រ្តីជួរមុខ ក៏ដូចជាប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។ ចំពោះខេត្តគោលដៅទាំងនោះរួមមានខេត្តប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ។ វ៉ាក់សាំងទាំងនេះ នឹងត្រូវបើកយុទ្ធនាការចាក់ដូសទី៣ជូន ក្រុមគ្រូពេទ្យជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ហើយដោយឡែកសម្រាប់ការចាក់ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងត្រូវរៀបចំចាត់ចែងដោយក្រសួងការពារជាតិ ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ ៕