កោះកុង៖ នៅភ្នំទ័ពជាង ឧទ្យានជាតិជួរភ្នំក្រវាញ គេបានប្រទះឃើញទិដ្ឋភាពដុំថ្មធម្មជាតិរាបត្រៀបត្រារដិបរុប បូកផ្សំនិងធម្មជាតិដ៏ស្រស់ត្រកាលកាន់តែលើកសម្រស់តំបន់នេះកាន់តែស្រស់ស្អាត និងទាក់ទាញខ្លាំងឡើង ។ អ្វីដែលកាន់តែចម្លែក និងអស្ចារ្យខ្លាំងនោះ គេសង្កេតឃើញក្នុងចំណោមដុំថ្មទាំងនោះមានមួយចំនួនខ្លះរាងដូចសត្វដាយណូស័រ ដែលបានផុតពូជពីភពផែនដីនេះអស់រយៈពេលរាប់លានឆ្នាំមកហើយ ។ នេះបើយោងតាមការបង្ហាញរូបភាព និងទិដ្ឋនៅភ្នំទ័ពជាង ឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងទំព័រហ្វេសប៊ុក របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
បន្ទាប់ពីឃើញនូវទិដ្ឋភាពទាំងនេះភ្លាម មានមហាជនអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការភ្ញាក់ផ្អើល និងកោតសរសើរដល់សម្រស់ធម្មជាតិនៅក្នុងប្រទេសកម្ពុជា ។ ក្នុងចំណោនោះគេសង្កេតឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Hun Chruy Hsi បានចូលខំម៉ិនថា «ជួរភ្នុំក្រវ៉ាញទេសភាពស្អាតណាស់ឯកឧត្តមខ្ញុំធ្លាប់ធ្វើតំណើរកាត់ពីរង្វង់មូលប្រម៉ោយដំរីពោធិ៍សាត់ទៅអូសោមខ្ញុំឃើញ តែពិបាកផ្លូវធ្វើតំណើរ ប្រសិនបើបានផ្លូវស្អាតវិញពិតជាល្អជាក់មិនខាន» ។ ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហុង សុផានី បានខំម៉ិនថា«កម្ពុជាមានកន្លែងដែលមានធម្មជាតិស្អាតល្អច្រើន សូមបងជ្រើសរើសកន្លែងដែលទាក់ទាញខ្លាំង និងរៀបចំធ្វើឲ្យក្លាយជាតំបន់ទេសចរ បង្កើតចំនូលជាតិ ជួយសេដ្ឋកិច្ចគ្រួសារខ្មែរនិងបង្កើនកេរិ្តឈ្មោះកម្ពុជាក្នុងសកលលោក »។
សូមជម្រាបថា នៅភ្នំទ័ពជាង ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងនេះ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ថែមទៀតក្រៅពីសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលនេះ នៅក្នុងតំបន់នេះផងដែរ គឺគេសង្កេតឃើញនៅភ្នំនេះមាន ពាង ក្រឡ និងមឈូសដាក់ធាតុមនុស្សជាដើម ដែលអាចនឹងមានអាយុកាលប្រមាណប្រហែលជា៤០០ ទៅ៥០០ឆ្នាំមុន ។ ភ្នំទ័ពជាង ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង