ភ្នំពេញ៖ តាមរាម្រៀងសម្លេងធ្ងន់ក្រអួនពិរោះជាប់បេះដូង ម្ចាស់បទ«អូនមិនមែនជាធនាគារ»គឺតារាចម្រៀង អេង ស្រីអូន ពិតជាមានទឹកចិត្តសប្បុរសធម៌គួរឲ្យកោតសរសើរខ្លាំងណាស់ បន្ទាប់ពីបានឃើញតារាសម្តែងជើងចាស់មួយចំនួនដែលកំពុងជួបការលំបាកក្នុងកាលៈទេសៈនៃសម័យកូវីដ-១៩នេះ បានជួយផ្តល់នូវជំនួយសប្បុរសធម៌មួយចំនួនដើម្បីជាការលើកទឹកចិត្តក្នុងនាមជាអ្នកសិល្បៈដូចគ្នាផង និងដើម្បីដោះស្រាយការលំបាកមួយចំនួន ។
បើតាមតារាចម្រៀងសម្លេងធ្ងន់ក្រអួនពិរោះជាប់ចិត្តរូបនេះបានលើកឡើងថា បើទោះបីជាជំនួយសប្បុរសធម៌របស់កញ្ញាដែលបានជួយនេះបន្តិចបន្តួចក្តីប៉ុន្តែជាការបង្ហាញនូវវប្បធម៌ចែករំលែកក្នុងនាមជាសិល្បករដូចគ្នា ។ កញ្ញាបានសម្តែងនូវទឹកចិត្តត្រេកអរសប្បាយរីករាយដែលបានបរិច្ចាកនូវថិវិកាផ្ទាល់ខ្លួន និងគ្រឿងឧបភោគបរិភោគមួយចំនួនតាមលទ្ធភាពដែលខ្លួនមានជូនដល់តារាសម្តែងជើងចាស់នៅពេលនេះ ។
ទន្ទឹមនឹងនេះតារាចម្រៀង អេង ស្រីអូន ម្ចាស់បទ«អូនមិនមែនជាធនាគារ» នេះបានបង្ហើបឲ្យដឹងអំពីទឹកចិត្តរបស់ខ្លួនផងដែរថា តារាសម្តែង និងលោកពូ អ្នកមីង លោកអ៊ុសិល្បករទាំងអស់ដែលបានចូលរួមនេះសុទ្ធសឹងតែជាអាដល់របស់កញ្ញា ពោលគឺជាតារាសម្តែងដែលស្ថិតក្នុងដួងចិត្តរបស់កញ្ញា និងជាបុគ្គលដែលកញ្ញាគោរពស្រលាញ់អស់ពីបេះដូង ។
សូមជម្រាបថា តារាចម្រៀង អេង ស្រីអូន បានឈានជើងចូលប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាង ១០ឆ្នាំមកហើយដោយបានឆ្លងកាត់នូវបទពិសោធន៍តស៊ូក្នុងសិល្បចម្រៀងមិនធម្មតាឡើយ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងដល់បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ ក្រៅពីអាជីបជាតារាចម្រៀង កញ្ញាក៏មានជំនួញក្នុងដៃមិនធម្មតាផងដែរ ៕