សត្វចំនួនពីរប្រភេទគឺត្មាតត្នោតចំនួនពីរក្បាល និងត្មាតផេះចំនួនមួយក្បាលមានវត្តមាន ឡើងវិញ ហើយនៅសំបុកព្រៃធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី ។ នេះបើយោងតាមក្រុមការងារស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានផ្តល់ដំណឹងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ។
បើតាមក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថា ស្លាបទាំងពីរប្រភេទនេះ សុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន ។
កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF បានសន្និដ្ឋានថា មូលហេតុដែលបណ្តាលឲ្យបាត់វត្តមានរបស់ពួកវាពីក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះគឺភាគច្រើនដោយសារពួកវាបានទទួលរងនូវការពុលដោយប្រយោលនឹងសារធាតុគីមីដែលគេបានប្រើប្រាស់សម្រាប់គោលបំណងផ្សេង។ សូមបញ្ជាក់ដែរថាសត្វត្មាតភ្លើងក៏ជាសត្វស្លាបមួយប្រភេទទៀតដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកផងដែរ ។
ចំពោះកំណត់ត្រាថ្មីបំផុតនៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទដោយក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានបង្ហាញវត្តមានសត្វត្មាតត្នោតចំនួនបួនក្បាល សត្វត្មាតផេះចំនួន១១ក្បាល និងសត្វត្មាតភ្លើងចំនួនប្រាំក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាដែលស្ថិតក្នុងទីតាំងជាប់ដែនជម្រកសត្វព្រៃសំបូរតាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រេចះ ៕